ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ ប៉ូលីសអ៊ុយក្រែន ជាច្រើននាក់ពាក់ព័ន្ធ នឹងករណីអំពើពុករលួយ ក្នុងវិស័យថតរឿងអាសអាភាស
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីប៉ូលិសជាន់ខ្ពស់អ៊ុយក្រែន ត្រូវបានឃុំខ្លួនដោយសង្ស័យថា បានទទួលសំណូក ជាប្រចាំពីស្ទូឌីយ៉ូ ដែលប្រតិបត្តិការថតរឿង អាសអាភាសនៅក្រោមដី។
អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នកអនុវត្តច្បាប់ជាន់ខ្ពស់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ នៅភាគខាងលិចប្រទេស អ៊ុយក្រែនមាន មេប៉ូលីសនៃតំបន់លោក Ivano-Frankovsk និងអនុប្រធានរបស់គាត់ ក៏ដូចជាស្នងការរងប៉ូលីសមកពីតំបន់ Ternopol និង Zhitomirផងដែរ ។
មន្ត្រីបាននិយាយថា ជនសង្ស័យទី៥ ធ្វើការនៅក្នុងនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ និងធ្វើជាអ្នកបើកបរផ្ទាល់ ខ្លួនសម្រាប់អនុរដ្ឋមន្ត្រីផងដែរ ។
ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ថា គាត់ដើរតួជាអន្តរការី និងជាអ្នកនាំលុយ នៅក្នុងគម្រោងអំពើពុករលួយទាំងនោះ។
គួរឲ្យដឹងដែរថាប្រតិបត្តិការ ប្រឆាំងអំពើពុករលួយ ដែលធ្វើឡើងដោយភ្នាក់ងារជាច្រើន រួមជាមួយនឹងផ្នែក ស៊ើបអង្កេតផ្ទៃក្នុងរបស់ប៉ូលីសជាតិ បានកំណត់គោលដៅផលិតមាតិកា សម្រាប់មនុស្សពេញវ័យ ដែលជាឧស្សាហកម្មខុសច្បាប់ ប៉ុន្តែត្រូវបានគេរាយការណ៍ថា កំពុងរីកចម្រើន នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
