អគ្គនាយក ARDB លើកទឹកចិត្តឲ្យកសិករពិចារណាប្តូរ ទម្លាប់ធ្វើកសិកម្ម បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុល កើននោះឡើយ
រតនគិរី ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឲ្យកសិករមកពីសហគមន៍ នៃស្រុកមួយចំនួនក្នុងខេត្តរតនគិរី ឲ្យពិចារណាប្តូរ ទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិត ជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកើនឡើងនោះឡើយ។

ការលើកឡើងជាទស្សនទាន និងប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត កៅ ថាច ដូច្នោះ គឺនៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករមកពីសហគមន៍ កសិកម្មមួយចំនួននិងមន្រ្តីកសិកម្មមកពីឃុំចំនួន៦ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦នេះដែលមានអ្នកចូលរួមចំនួន ១០០នាក់ផងដែរ។

លោកបណ្ឌិត កៅ ថាច បានថ្លែង បញ្ជាក់នៅក្នុងឱកាសនោះថា ការធ្វើកសិកម្មរបស់កសិករយើង ពិតជាជួបការលំបាកនិងនឿយ ខ្លាំងតែមិនអាចឈប់បានទេ ព្រោះឈាមជ័ររបស់ដូនតាខ្មែរយើង អ្នកធ្វើកសិកម្មតាំងពីសម័យអង្គរមកហើយបើអត់កសិកម្មក៏មិនកើតដែរ ដូច្នេះបើជ្រុលនឹងនឿយហត់ហើយគួរប្រឹងឡើងវិញ ដោយរកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ការចំណាយ ក្នុង១ឯកតាបើមិនដូច្នោះទេ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែល។

ពាក់ព័ន្ធនិងកង្វល់របស់ប្រជាកសិករដែលបានលើកឡើងលើវិស័យកសិកម្ម និងការដុះដំណាំ រួមមាន ចន្ទី កោស៊ូ ចិញ្ចឹមសត្វនិងដាំដុះបន្លែ ដែលគ្មានទីផ្សារនោះ លោកបណ្ឌិត កៅ ថាច បានពន្យល់ថា កសិករយើងបើមិនប្តូរ ទម្លាប់ធ្វើកសិកម្មដោយគិតពីការចំណេញខាតនោះទេ គឺច្បាស់ជាស្រែកថា «ធ្វើកសិកម្មខាតគ្រប់រដូវកាលហើយ » ខណៈដែលជីគីមីនិងថ្នាំកសិកម្មនៅលើពិភពលោកឡើងថ្លៃ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ គឺត្រូវងាកមកសិក្សាពីការផលិតជីធម្មជាតិ ក្នុងស្រុក ជាពិសេស យើងមានបណ្ណាល័យពិភពលោកមួយ ដែលអាចសិក្សាពីរបៀបផលិតជីធម្មជាតិវិញម្តង គឺ ប្រព័ន្ធ យូធូប ដើម្បីកាត់បន្ថយថ្លៃដើមផលិត របស់កសិករយកទៅប្រើប្រាស់ ក្នុងវិស័យកសិកម្ម។

ត្រង់ចំណុចប្រឈមខាងលើនេះ សមាគមបណ្តាញ កសិករតេជោគឺនឹងធ្វើ ទី(១)ជាខែលឬឆ័ត្រសម្រាប់កសិករ ជ្រកដោយចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករនឹងការពារពីការំលោភបំពាន គៃចំណេញលើកសិករ និង(២)សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕


