ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ បដិសេធថា​ នឹងមិនមានភាពតានតឹងប្រឆាំងនឹងប្រទេសគុយបានោះទេ​ បន្ទាប់ពីការចោទប្រកាន់លោក Raul Castro

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា «នឹងមិនមានការកើនឡើងនៃភាពតានតឹង» ប្រឆាំងនឹងប្រទេសគុយបានោះទេ បន្ទាប់ពីរដ្ឋអាជ្ញា សហព័ន្ធអាមេរិក​ បានចោទប្រកាន់មេដឹកនាំបដិវត្តន៍គុយបា លោក Raul Castro និងនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង បានមកដល់តំបន់ការ៉ាប៊ីន។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «នឹងមិនមានការកើនឡើងនៃភាពតានតឹងទេ។ ខ្ញុំមិនគិតថា​ ចាំបាច់ត្រូវមាននោះទេ»។ លោកក៏បានបញ្ជាក់ជាថ្មី នូវអ្វីដែលលោកបាននិយាយពីមុនថា សហរដ្ឋអាមេរិក​ កំពុង «ដោះលែងប្រទេសគុយបា»។

ការកត់សម្គាល់របស់លោក ត្រាំ ក៏បានកើតឡើងបន្ទាប់ពីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានប្រកាសថា ក្រុមវាយប្រហារនាវា ផ្ទុកយន្តហោះ Nimitz ដែលរួមមាននាវាផ្ទុកយន្តហោះ​ និងនាវាពិឃាតមីស៊ីល នាំផ្លូវយ៉ាងហោចណាស់មួយគ្រឿង បានមកដល់តំបន់សមុទ្រការ៉ាប៊ីន។

បញ្ជាការបានឧ្យដឹងនៅក្នុងសារមួយនៅលើ X ឧ្យដឹងថា​ នាវាផ្ទុកយន្តហោះ USS Nimitz (CVN 68) កងពលទ័ពអាកាសលេខ ១៧​ (CVW-17) នាវា USS Gridley (DDG 101) និងនាវា USNS Patuxent (T-AO 201) គឺជាគំរូនៃការត្រៀមខ្លួន និងវត្តមាន ការទៅដល់ និងភាពសាហាវដែលមិនអាចប្រៀបផ្ទឹមបាន និងគុណសម្បត្តិជាយុទ្ធសាស្ត្រ។

នៅថ្ងៃពុធ គណៈវិនិច្ឆ័យធំ មកពីតុលាការស្រុកសហរដ្ឋអាមេរិក​ សម្រាប់ស្រុកភាគខាងត្បូង នៃរដ្ឋផ្លរីដា​ បានចោទប្រកាន់ លោក Raul Castro ចំពោះតួនាទី ដែលត្រូវបានចោទប្រកាន់របស់លោក​ ក្នុងការបញ្ជាឱ្យបាញ់ ទម្លាក់យន្តហោះពីរគ្រឿង​ ដែលដំណើរការដោយក្រុមនិរទេសខ្លួនគុយបា​ នៅសហរដ្ឋអាមេរិក​ ដែលមានឈ្មោះថា “Brothers to the Rescue” ក្នុងឆ្នាំ១៩៩៦។ គួរបញ្ជាក់ថា​ លោក Castro កើតនៅខែមិថុនា ឆ្នាំ១៩៣១ បានបម្រើការជារដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍គុយបា​ នៅពេលកើតហេតុ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top