រដ្ឋមន្រ្តីសេដ្ឋកិច្ច ៖ អគ្គនាយកដ្ឋានពន្ធដារ កំពុងដើរតួនាទីសំខាន់ ប្រមូលពន្ធចូលរដ្ឋ
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលពន្ធចូលរដ្ឋ ក៏ដូចជារួមចំណែកជំរុញក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ការចូលរួមចំណែកដ៏សំខាន់ របស់អគ្គនាយកដ្ឋានពន្ធដារ លើការប្រមូលពន្ធលើគ្រប់វិស័យនេះ បានគាំទ្រទៅដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏ចាំបាច់ នៃកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងដ៏រឹងមាំនៃការអភិវឌ្ឍសង្គមជាតិ។
រដ្ឋមន្រ្តីថា “ការចូលរួមចំណែករបស់អគ្គនាយកដ្ឋានពន្ធដារនេះ តាមរយៈការបន្តខិតខំពង្រឹងចំណូលប្រពន្ធជូនរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិភាព តម្លាភាព គណនេយ្យភាព សមភាព និងសមធម៌” ។
លោកបន្ថែមថា ការចូលរួមចំណែករបស់ពន្ធដារនេះ ក៏បានកាត់បន្ថយអំពើគេចវេសពន្ធ សំដៅលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាឱ្យមានបរិយាកាសធុរកិច្ចស្មើភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ធានា នូវភាពរស់រវើកនៃកម្មភាពសេដ្ឋកិច្ចជាតិ ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអះអាងថា ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្កើនជំនឿចិត្តរបស់វិស័យឯកជន លើយន្តការប្រមូលចំណូលរបស់រដ្ឋ តាមរយៈការពង្រឹងគុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីពន្ធដារក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ៕
