ព័ត៌មានអន្តរជាតិ

​ បណ្ដាប្រទេសនៅអឺរ៉ុប​ ថ្កោលទោសការ ប្រព្រឹត្តរបស់អ៊ីស្រាអែល​ ចំពោះសកម្មជន កងនាវាតំបន់ហ្គាហ្សា

ប្រ៊ុចសែល៖ បណ្ដាប្រទេសជាច្រើននៅអឺរ៉ុប​ បានរិះគន់យ៉ាងខ្លាំង​ ចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែល​ ចំពោះសកម្មជន​ ដែលត្រូវបានឃុំខ្លួនពីកងនាវា Global Sumud ដែលឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ដោយថ្កោលទោសការអាម៉ាស់​របស់អ្នកជាប់ឃុំឃាំងថា​ ជាអំពើមិនអាចទទួលយកបាន និងអមនុស្សធម៌។

រដ្ឋមន្ត្រីការបរទេស និងមេដឹកនាំនៃប្រទេសអេស្ប៉ាញ អង់គ្លេស អៀរឡង់ បារាំង អ៊ីតាលី ហូឡង់ និងអូទ្រីស បានពិពណ៌នាអំពីសកម្មភាពរបស់អ៊ីស្រាអែលថា​ ជាការរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្ស ខណៈពេលដែលក៏ទាមទារការពន្យល់ ការសុំទោស និងការដោះលែងពលរដ្ឋរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប និងសហប្រតិបត្តិការរបស់ប្រទេសអេស្ប៉ាញ លោក Jose Manuel Albares បានពិពណ៌នាថាជា “អំពើអាក្រក់” ចំពោះការប្រព្រឹត្តរបស់សកម្មជនប្រហែល ៤៣០នាក់នៅលើកងនាវា ដែលត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែល​ នៅក្នុងដែនទឹកអន្តរជាតិជិតប្រទេសស៊ីប បន្ទាប់ពីចាកចេញពីប្រទេសតួកគីកាលពីសប្តាហ៍មុន។

លោក Albares បានថ្កោលទោសវីដេអូដែលចេញផ្សាយដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir ដែលបង្ហាញពីអ្នកជាប់ឃុំឃាំង​ កំពុងលុតជង្គង់លើដីដោយដៃរបស់ពួកគេត្រូវបានចងនៅពីក្រោយខ្នង​ (ចងស្លាបសេក) «ការប្រព្រឹត្តបែបនេះគឺអាក្រក់ គ្មានសេចក្តីថ្លៃថ្នូរ និងអមនុស្សធម៌។ ខ្ញុំទាមទារឱ្យមានការសុំទោសជាសាធារណៈពីអ៊ីស្រាអែល» លោក Albares បានលេីកឡេីងដោយបន្ថែមថា ប្រទេសអេស្ប៉ាញ​ បានកោះហៅភារធារីអ៊ីស្រាអែល​ នៅទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារការពន្យល់។

រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheal Martin បានឧ្យដឹងថា លោកមាន «ការភ្ញាក់ផ្អើល និងតក់ស្លុត» ចំពោះការប្រព្រឹត្តចំពោះពលរដ្ឋអៀរឡង់​ ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោកស្រី Helen McEntee បានរិះគន់វីដេអូដែលផ្សព្វផ្សាយដោយលោក Ben-Gvir ដោយថា អ្នកជាប់ឃុំគួរតែត្រូវបានប្រព្រឹត្ត «ដោយសេចក្តីថ្លៃថ្នូរ ឬការគោរពសមស្រប» ហើយបានទាមទារការធានាជាបន្ទាន់ទាក់ទងនឹងសុខុមាលភាព និងការការពារផ្នែកច្បាប់របស់ជនជាតិអៀរឡង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top