DAP News
ព័ត៌មានជាតិ

ពលរដ្ឋ និងយុវជន មកពីគ្រួសារក្រីក្រជាង ៤ ០០០នាក់ទទួលបានជំនាញ និងចំណូលសមរម្យ ក្រោយពីទទួលបាន​ការបណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លា​នរបស់​សម្ដេចធិបតី

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤ ០០០នាក់ ទទួលបានជំនាញពីកម្មវិធី​បណ្ដុះ​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) នៅវិទ្យាស្ថានជា​តិពហុបច្ចេកទេសកម្ពុ​ជា(NPIC) នៃក្រសួ​ងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ត្រីមាសទី១ឆ្នាំ២០២៦ វិទ្យាស្ថានបាន​ផ្ដល់​អាហារូបករ​ណ៍ដល់​ប្រជា​ពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ៤ ៣៧០នាក់​​ ចុះ​ឈ្មោះចូ​លរៀនជំនាញបច្ចេកទេសក្នុងកម្មវិធី TVET 1.5M ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត។

វិទ្យាស្ថាន NPIC ​​កំពុងបណ្ដុះ​បណ្ដាលជំនាញដល់សិក្ខាកាមចំ​នួន ២០មុខជំនាញ ដែលស្ថិត​ក្រោម​កម្មវិធី TVET 1.5M ដើម្បី​លើកកម្ព​ស់ជំនា​ញ​វិជ្ជាជីវៈ និងបង្កើនឱកាស​ការងារជូនដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃផងដែរ។ ក្នុងនោះមានមុខជំនាញទាំង ៦ ដែល​មាន​សិក្ខា​កាម​ចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេនៅក្នុងវិទ្យាស្ថាន។​

ជំនាញទាំង៦ នោះរួមមាន ជំនាញនៃការផលិតនំ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការថែទាំ​និងជួសជុលរថយន្ត, ការកែច្នៃបន្លែ និងផ្លែឈើ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញ​ដែល​ស្រប​តាម​ត​ម្រូវការទីផ្សារការងារ និងអាចប​ង្កើតឱកា​សរកចំណូលបាន​ឆាប់រហ័ស ទាំងការបម្រើកា​រងារ​នៅតាមស្ថា​ប័ន ឬការបង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​ សម្រាប់ព័​ត៌មានអំពីការចុះ​ឈ្មោះ​ចូលរៀន សូម​ទាក់ទង​ទៅកា​ន់ទូ​រសព្ទ​លេខ ០​១២ ៦៤៩​ ២៦២/ ០៨៩ ៤២៦​​​​ ០៩៨/ ឬអ​ញ្ជើញ​មកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិត​នៅភូមិ​ព្រៃ​ព​ពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, មាន​អាយុ​ចាប់​ពី១៥ឆ្នាំ​ឡើង, មានអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ ឬសំបុត្រកំណើត, និង មានបណ្ណសមធម៌(កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕

To Top