ព័ត៌មានអន្តរជាតិ

លោក ស៊ី និងលោក ពូទីន រួបរួមគ្នារិះគន់សហរដ្ឋ អាមេរិក និងបានថ្កោលទោស ផែនការខែលការពារមីស៊ីល Golden Dome របស់លោក ដូណាល់ ត្រាំ និងគោលនយោបាយ នុយក្លេអ៊ែរថា «គ្មានការទទួលខុសត្រូវ» 

បរទេស៖ ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរដែល «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃពុធ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល របស់លោក ស៊ី ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺបានគូសបញ្ជាក់ថា ក្នុងពេលដែលមេដឹកនាំចិន កំពុងស្វែងរកទំនាក់ទំនងដែលមានស្ថិរភាព និងស្ថាបនាជាមួយលោក ត្រាំ លោកមានភាពខុសគ្នា ជាមូលដ្ឋានជាមួយលោក ត្រាំ លើបញ្ហាសំខាន់ៗ ដែលជំហររបស់ចិនស្របគ្នាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។
 
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ផែនការរបស់លោក ត្រាំ សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានមូលដ្ឋានលើដី និងលំហអាកាស បានគំរាមកំហែងដល់ស្ថិរភាពយុទ្ធសាស្ត្រសកល និង បានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការអនុញ្ញាតឱ្យសន្ធិសញ្ញា ដែលរឹតត្បិតឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងរុស្ស៊ីដែលបានផុតកំណត់។
 
សន្ធិសញ្ញានេះបានផុតកំណត់នៅក្នុងខែកុម្ភៈ ហើយលោក ត្រាំ មិនបានឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ ក្នុងការពង្រីកដែនកំណត់មីស៊ីល និងក្បាលគ្រាប់របស់ខ្លួន រយៈពេលមួយឆ្នាំនោះទេ – អ្វីមួយដែលអ្នកនយោបាយអាមេរិកមួយចំនួនបានអះអាងថា នឹងរារាំងសហរដ្ឋអាមេរិក ពីការឆ្លើយតបទៅនឹងការសាងសង់នុយក្លេអ៊ែរដោយប្រទេសចិន។
 
ប្រែសម្រួលៈ ណៃ តុលា

To Top