នាយករដ្ឋមន្ត្រីចិន ជួបជាមួយប្រធានាធិបតីរុស្ស៊ី ហើយភាគីចិនថា ក្នុងចំណោមទិដ្ឋភាពអន្តរជាតិ ដ៏ច្របូកច្របល់កាន់តែខ្លាំងឡើង ទំនាក់ទំនងចិន-រុស្ស៊ី នៅតែមានស្ថិរភាព
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា លោក លី ឈៀង បានមានប្រសាសន៍ថា ក្នុងចំណោមទិដ្ឋភាពអន្តរជាតិដ៏ច្របូកច្របល់កាន់តែខ្លាំងឡើង ទំនាក់ទំនងចិន-រុស្ស៊ី នៅតែមានស្ថិរភាព និងអាចព្យាករណ៍បាន។
លោកបានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរុស្ស៊ី ដើម្បីអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិតថ្មី។
លោកនាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីរុស្ស៊ី ដើម្បីពង្រីកពាណិជ្ជកម្ម អនុវត្តកតិកាសញ្ញាវិនិយោគទ្វេភាគីដែលបានធ្វើឱ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ថាមពល កសិកម្ម ការតភ្ជាប់ និងការអភិវឌ្ឍបៃតង និងកាបូនទាប។
លោក លី បានកត់សម្គាល់ទៀតថា ប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយភាគីរុស្ស៊ី ដើម្បីពង្រឹងការសម្របសម្រួលរវាងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ខណៈពេលដែលធានាបាននូវការអភិវឌ្ឍដែលមានសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់នៃផ្លូវដែកចិន-អឺរ៉ុប។
នាយករដ្ឋមន្ត្រីចិនបានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា យុវជន វប្បធម៌ ទេសចរណ៍ និងកីឡា។ លោកបានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការសម្របសម្រួលជាមួយរុស្ស៊ីលើវេទិកាពហុភាគី។
ចំណែកលោកពូទីនវិញ ក៏បានមានប្រសាសន៍ថា រុស្ស៊ីមានឆន្ទៈក្នុងការរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយចិន ផ្តល់តួនាទីយ៉ាងពេញលេញដល់យន្តការកិច្ចប្រជុំទៀងទាត់របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ពាណិជ្ជកម្ម ថាមពល កសិកម្ម ដឹកជញ្ជូន និងភស្តុភារ ឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា៕
ប្រែសម្រួលៈ ណៃ តុលា

