ព័ត៌មានជាតិ

ក្រសួងការងារបន្តធ្វើយុទ្ធនាការ «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ» នៅខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តស្ទឹងត្រែង និងព្រះវិហារបានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និង កសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តទាំងពីរ ដោយផ្តោតសំខាន់លើ ច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការ អន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធទៅនឹងពលកម្មកុមារ។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីពលកម្មកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណីមានការសង្ស័យថា មានការប្រើប្រាស់ពលកម្មកុមារ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន សហគមន៍នៃសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម សូមបន្តចូលរួមទប់ស្កាត់និងលុបបំបាត់រាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជំរុញដល់និយោជកទាំងអស់ត្រូវចុះបញ្ជិកាសមាជិក ប.ស.ស. ដើម្បីធានានូវឧត្តមប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា និងបន្តជំរុញនិយោជកត្រូវចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម (LACMS) របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះដែរ ក្រសួងក៏បានណែនាំ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមរួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ និងធ្វើការរាយការណ៍ឱ្យបានរហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ឬប្រអប់បណ្តឹងអនាមិក ក្នុងករណីមានការប្រើប្រាស់រាល់ទម្រង់ ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យក្រសួងអាចចាត់វិធានការ តាមផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់៕

To Top