ព័ត៌មានជាតិ

ក្រសួងការងារបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ី គោលនយោបាយថែទាំ ដើម្បីពង្រឹង សុខុមាលភាពសង្គម និងផលិតភាព ការងារនៅកម្ពុជា​

ភ្នំពេញ ៖ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងពិធីបើក​សិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិលើ «របាយការណ៍សិក្សា ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីគោលនយោបាយថែទាំកុមារ មនុស្សចាស់ និងជនមានពិការ ភាពនៅកម្ពុជា» ដោយមានការចូលរួម ពីតំណាងក្រសួង កិច្ចការនារី អង្គការអន្តរជាតិខាងការងារ និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដើម្បីចែករំលែក លទ្ធផលរបាយការណ៍សិក្សា ពិភាក្សា និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធលើអនុសាសន៍ និងទិសដៅអនុវត្តបន្ត សំដៅធ្វើឱ្យរបាយការណ៍នេះ កាន់តែមានគុណភាព និង អាចប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការកសាង ប្រព័ន្ធអេកូឡូស៊ីគោល នយោបាយថែទាំនៅកម្ពុជា ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងការលុបបំបាត់ឧបសគ្គសម្រាប់ជនមានពិការភាព ស្ត្រី ក្រុមជនក្រីក្រ និងក្រុមងាយរងហានិភ័យ ក្នុងការទទួលបានឱកាស និងការចូលរួមប្រកប ដោយសមធម៌ក្នុងទីផ្សារការងារ។

ក្នុងឱកាសនោះ លោកបណ្ឌិត គួច សុមាន បានគូសបញ្ជាក់ថា ការងារថែទាំមិនមែនជាបន្ទុកសង្គមធម្មតានោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះ ដ៏មានយុទ្ធសាស្ត្រក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ សមភាពយេនឌ័រនៅក្នុងទីផ្សារការងារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការកសាងប្រព័ន្ធថែទាំ ប្រកបដោយបរិយាបន្ន គឺជាកិច្ចការអាទិភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពន្លឿន ការអនុវត្តយន្តការគាំពារ សង្គមយ៉ាងសកម្ម តាមរយៈការជំរុញឱ្យមានទារកដ្ឋាន នៅតាមសហគ្រាស និងការផ្តល់ការ គាំពារយ៉ាង ពេញលេញដល់មាតា និងកុមារតូច ។ លើសពីនេះ ក្រសួងបានពង្រឹងការ អនុវត្តរបបសោធននិវត្តន៍ភាគទាន ដើម្បីធានាសន្តិសុខ ប្រាក់ចំណូលសម្រាប់វ័យចាស់ជរា និងបន្តជំរុញការផ្តល់ឱកាសការងារ ប្រកបដោយ សមធម៌សម្រាប់ជនមានពិការភាព តាមរយៈការអនុវត្តកូតា ជ្រើសរើសបុគ្គលិក ដោយផ្អែកលើភាពមិនរើសអើង និងការគោរពសេចក្តីថ្លៃថ្នូរ។

លោករដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាពេលនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃសម្រាប់ការកសាង ប្រព័ន្ធអេកូឡូស៊ីថែទាំនៅកម្ពុជា ឱ្យកាន់តែមានភាពធន់ និងចីរភាព។

ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការពីអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញឱ្យកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាពសង្គម យ៉ាងពេញលេញ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top