DAP News
ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Mojtaba Khamenei ចេញសេចក្តីណែនាំថា សារធាតុអ៊ុយរ៉ាញ៉ូម ត្រូវតែស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ 

បរទេស៖ ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ពីររូប បាននិយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់បានចេញសេចក្តីណែនាំមួយថា សារធាតុអ៊ុយរ៉ាញ៉ូម របស់ប្រទេសអ៊ីរ៉ង់ គឺមិនគួរត្រូវបានបញ្ជូនទៅក្រៅប្រទេសនោះទេ ដែលជាការពង្រឹងជំហររបស់ទីក្រុងតេហេរ៉ង់ លើការទាមទារចម្បងមួយ របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចាសន្តិភាព ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា បទបញ្ជារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Mojtaba Khamenei អាចធ្វើឱ្យប្រធានាធិបតីអាមេរិក Donald Trump ខកចិត្តបន្ថែមទៀត និងធ្វើឱ្យស្មុគស្មាញដល់កិច្ចចរចា ស្តីពីការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
 
លោក Trump បានស្បថកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមឡើយ។
 
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “យើងនឹងទទួលបានសារធាតុអ៊ុយរ៉ាញូម, យើងមិនត្រូវការវាទេ យើងមិនចង់បានវាទេ។ យើងប្រហែលជានឹងបំផ្លាញសារធាតុអ៊ុយរ៉ាញូមនេះ បន្ទាប់ពីយើងទទួលបានវា ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានសារធាតុនេះនោះទេ”។
 
មន្ត្រីអ៊ីស្រាអែលបានប្រាប់ Reuters ថា លោក Trump បានធានាដល់អ៊ីស្រាអែលថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលត្រូវការដើម្បីធ្វើអាវុធបរមាណូ នឹងត្រូវបានបញ្ជូនចេញពីអ៊ីរ៉ង់ ហើយកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែរួមបញ្ចូលឃ្លាមួយលើរឿងនេះ៕
ប្រែសម្រួលៈ ណៃ តុលា 

To Top