លោក តូ ឡាំ អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋ របស់វៀតណាម នឹងទៅទស្សនកិច្ចនៅប្រទេសថៃ នៅចុងខែឧសភានេះ
បរទេស៖ លោក តូ ឡាំ អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋ របស់វៀតណាម និងភរិយា លោកស្រី ង៉ូ ភឿងលី នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភានេះ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមសេចក្តីប្រកាស ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រសួងការបរទេសវៀតណាម, ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និងភរិយា ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងវៀតណាម និងថៃ បន្តអភិវឌ្ឍជាវិជ្ជមានក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយភាគីទាំងពីរកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្របសម្រួលក្នុងតំបន់។
ប្រទេសថៃនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមនៅក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២២,១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ កើនឡើង ៩ ភាគរយធៀបនឹងឆ្នាំមុន។ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសថៃបានកើនឡើង ១២,៧ ភាគរយដល់ ៨,៨ ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចូលបានកើនឡើង ៦,៧ ភាគរយដល់ ១៣,៣ ពាន់លានដុល្លារ។
ប្រែសម្រួលៈ ណៃ តុលា
