បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងសម្លឹងរកការលក់ធនធាន ថាមពលបន្ថែមទៀត ជាពិសេសប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទៅឱ្យប្រទេសឥណ្ឌា ដែលត្រូវបានរងផលប៉ះពាល់ដោយការរំខាន នៅក្នុងច្រកសមុទ្រហ័រមូស ។ ឯកអគ្គរដ្ឋទូតអាមេរិក លោក សឺជីអូ ហ្គ័រ បានប្រាប់សារព័ត៌មាន Bloomberg ថា ប្រទេសឥណ្ឌា «បានទទួលយកការធ្វើពិពិធកម្ម» នៃប្រភពនាំចូលថាមពលរបស់ខ្លួន ដែលមានន័យថា «ការទិញថាមពលអាមេរិកបន្ថែមទៀត» ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ថា យោងតាម Bloomberg ឯកអគ្គរដ្ឋទូតអាមេរិក លោក សឺជីអូ ហ្គ័រ បាននិយាយថា «ប្រជាជនបានទទួលយកយ៉ាងខ្លាំងចំពោះការទិញពីសហរដ្ឋអាមេរិក ហើយយើងពិតជាសប្បាយចិត្តណាស់ជាមួយនឹងរឿងនោះ»។
ការអត្ថាធិប្បាយរបស់លោក ហ្គ័រ បានកើតឡើងប៉ុន្មានថ្ងៃ មុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ ។ សហរដ្ឋអាមេរិកបានព្យាយាម ជាយូរមកហើយ ដើម្បីដាក់សម្ពាធលើប្រទេសឥណ្ឌា ឱ្យបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ថាមពលធំជាងគេរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០២២។
កាលពីដើមឆ្នាំនេះ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធពិន័យលើទំនិញឥណ្ឌា ដោយភ្ជាប់ពួកគេទៅធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ ពន្ធទាំងនោះត្រូវបាន ដកចេញនៅពេលក្រោយ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលប្រកាសដោយលោក ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មបឋម សហរដ្ឋអាមេរិកបានកាត់បន្ថយពន្ធលើទំនិញឥណ្ឌាពី ៥០% មកត្រឹម ១៨% ជាថ្នូរនឹងការដែលឥណ្ឌា បញ្ឈប់ការទិញប្រេងរបស់រុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
