ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា អាមេរិក នឹងបញ្ជូនទ័ព ៥.០០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសប៉ូឡូញ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥.០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានបង្ហោះនៅលើ Truth Social ដោយបានលើកឡើងពីទំនាក់ទំនង របស់លោកជាមួយប្រធានាធិបតីជាតិនិយមអភិរក្សនិយមរបស់ប្រទេសប៉ូឡូញ គឺលោក Karol Nawrocki ថា ជាហេតុផលនៅពីក្រោយការសម្រេចចិត្ត របស់លោកក្នុងការបញ្ជូនកងទ័ពបន្ថែម។
 
ការប្រកាសនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់អ្នកយកព័ត៌មានថា ការដាក់ពង្រាយកងទ័ព របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ ត្រូវបានពន្យារពេល។
 
សហរដ្ឋអាមេរិកបានកំពុងពិនិត្យឡើងវិញនូវវត្តមានកងទ័ពរបស់ខ្លួននៅអឺរ៉ុប ហើយត្រូវបានគេរំពឹងថា នឹងកាត់បន្ថយជាយូរមកហើយ បន្ទាប់ពីការទាមទារពីលោក ត្រាំ ឱ្យអង្គការណាតូដើរតួនាទីធំជាងក្នុងការការពារអឺរ៉ុប។
 
លោក ត្រាំ បាននិយាយនៅក្នុងសារនោះថា “ដោយផ្អែកលើការបោះឆ្នោតដោយជោគជ័យរបស់លោក Karol Nawrocki ដែលជាប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសប៉ូឡូញ ដែលខ្ញុំមានមោទនភាពក្នុងការគាំទ្រ និងទំនាក់ទំនងរបស់យើងជាមួយគាត់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ”៕
ប្រែសម្រួលៈ ណៃ តុលា 

To Top