សម្ភារកីឡា២៤ឈុត ពីមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ ជួយជំរុញសកម្មភាពកីឡា និងសុខភាពសិស្សនៅស្រុកបន្ទាយស្រី
សៀមរាប ៖ ព្រឹក ថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្ភារកីឡាចំនួន២៤ឈុត ដែលជាអំណោយរបស់មូលនិធិចិន ដេីម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលត្រូវបានប្រគល់ជូន ដល់សាលាបឋមសិក្សាចំនួន៦ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡា ការហាត់ប្រាណ និងការថែទាំសុខភាព របស់សិស្សានុសិស្សនៅតាមមូលដ្ឋាន។

ពិធីប្រគល់-ទទួលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងតំណាងមិត្តចិន។ អ្វីដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពរស់រវើកនោះ គឺភ្លាមៗបន្ទាប់ពីទទួលបានអំណោយ សិស្សានុសិស្សបាននាំគ្នាស្រាយសម្ភារកីឡា និងយកមកលេងភ្លាមៗក្នុងបរិវេណសាលា ដោយបង្ហាញ ពីក្តីរំភើប និងភាពរីករាយចំពោះអំណោយដែលអាចជួយបង្កើន សកម្មភាពកីឡាប្រចាំថ្ងៃរបស់ពួកគេ។

ជាមួយគ្នានេះ កម្មវិធី «វាយសី ដើម្បីសុខភាព» ក៏ត្រូវបានរៀបចំឡើងភ្លាមៗបន្ទាប់ពីពិធីប្រគល់អំណោយ ដោយមានការចូលរួមយ៉ាងសកម្ម ពីសិស្សានុសិស្ស និងតំណាងភាគីពាក់ព័ន្ធ ។ លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានផ្តល់កិត្តិយសចូលរួមលេងកីឡាវាយសី ជាមួយតំណាងមិត្តចិន ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាពដ៏កក់ក្តៅ។

ទទួលបានអនុសាសន៍ណែនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាន នាយដ្ឋាន ផែនការ និងគម្រោងបាន មានប្រសាសន៍ថា អំណោយ សម្ភារកីឡារបស់មិត្តចិនតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនាពេលនេះ គឺជាការរួមចំណែកដ៏មានតម្លៃ ក្នុងការជំរុញការអប់រំផ្នែកកាយសម្បទា និងលើកទឹកចិត្តឱ្យកុមារចូលរួមលេងកីឡាកាន់តែច្រើននៅតាមសាលារៀនជនបទ។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស មិនអាចផ្តោតតែលើការសិក្សាក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់សុខភាព ផ្លូវចិត្ត និងសកម្មភាពក្រៅម៉ោងសិក្សារបស់សិស្សានុសិស្សផងដែរ។

ក្នុងនាមមូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាម្ចាស់អំណោយ លោក Liu Wenzhi បានលើកឡើងថា តាមរយៈ វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល សង្គម ស៊ីវិល របស់ប្រទេសចិនតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍកុមារ និងយុវជន ជាពិសេសនៅតាមតំបន់ជនបទ។ លោកបានបញ្ជាក់ថា កីឡាមិនត្រឹមតែជួយពង្រឹងសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះស្មារតីសាមគ្គីភាព វិន័យ និងការសហការគ្នាក្នុងសង្គមផងដែរ។ លោកបានបន្ថែមថា ការមើលឃើញសិស្សានុសិស្សសប្បាយរីករាយ និងចាប់ផ្តើមលេងកីឡាភ្លាមៗក្រោយទទួលបានសម្ភារៈ គឺជារូបភាពដ៏មានអត្ថន័យ និងជាកម្លាំងចិត្តសម្រាប់ភាគីចិនក្នុងការបន្តគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី លោក រិន ឡូត បានថ្លែងការអរគុណចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល ដែលតែងយកចិត្តទុកដាក់ និង តែងបន្តជួយគាំទ្រដល់សាលារៀននៅមូលដ្ឋាន ដូចជាការផ្តល់សម្ភារ ដែលមានប្រយោជន៍ជាក់ស្តែង សម្រាប់សិស្សានុសិស្ស ។ ក្នុងនាមគណៈគ្រប់គ្រងសាលា និងអាណាព្យាបាល សិស្សនៅទូទាំងស្រុកបន្ទាយស្រី លោកអភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រីបានបន្ថែមថា សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកមួយក្នុងការជំរុញការអប់រំផ្នែកកាយសម្បទា និងបង្កើនគុណភាពជីវិតរបស់កុមារនៅតាមសហគមន៍ជនបទ ស្របពេលដែលមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងបន្តរីកចម្រើនកាន់តែជិតស្និទ្ធ៕
