ព័ត៌មានអន្តរជាតិ

ប្រធានស៊ើបការណ៍ សម្ងាត់ជាតិ សហរដ្ឋអាមេរិក ប្រកាសលាលែងពីតំណែង

បរទេស៖ លោកស្រី Tulsi Gabbard នាយិកាស៊ើបការណ៍សម្ងាត់ជាតិ សហរដ្ឋអាមេរិក បានប្រកាសលាលែងពីតំណែង ដោយលើកឡើងពីការធ្វើរោគវិនិច្ឆ័យថ្មីៗ របស់ស្វាមីលោកស្រីថា មានជំងឺមហារីកឆ្អឹងប្រភេទកម្រមួយ។ ការលាលែងពីតំណែង របស់លោកស្រី បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកស្រីបានបង្ហាញថា លោកស្រីកំពុងស៊ើបអង្កេតមន្ទីរពិសោធន៍ ជីវសាស្ត្រដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រី Tulsi Gabbard បានសរសេរនៅក្នុងលិខិតមួយផ្ញើ ទៅកាន់ប្រធានាធិបតីដែលលោកស្រីបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ជាអកុសល ខ្ញុំត្រូវតែដាក់លិខិតលាលែងពីតំណែង ដែលចូលជាធរមាននៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦”។ “ស្វាមីរបស់ខ្ញុំ Abraham ថ្មីៗនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឆ្អឹងប្រភេទកម្រមួយ ។ នៅពេលនេះ ខ្ញុំត្រូវតែចាកចេញពីសេវាសាធារណៈ ដើម្បីនៅក្បែរគាត់ និងគាំទ្រគាត់យ៉ាងពេញទំហឹងក្នុងសមរភូមិនេះ”។

លោកស្រី Gabbard នឹងត្រូវបានជំនួសដោយអនុប្រធាន DNI បច្ចុប្បន្នរបស់លោកស្រី គឺលោក Aaron Lukas នេះបើយោងតាមការបង្ហោះនៅលើវេទិកា Truth Social របស់លោក Trump។ លោកប្រធានាធិបតីបានបន្ថែមថា “លោកស្រី Tulsi បានធ្វើការងារដ៏អស្ចារ្យ ហើយយើងនឹងនឹកនាង”។

សូមជម្រាបថា អតីត​សមាជិក​បក្ស​ប្រជាធិបតេយ្យ លោកស្រី Gabbard បាន​ចាកចេញ​ពី​គណបក្ស​នេះ ហើយ​បាន​ថ្កោលទោស​មេដឹកនាំ​របស់​ខ្លួន​ថា​ជា «អ្នក​គាំទ្រ​សង្គ្រាម​និយម​ជ្រុល» និង​ជា​អ្នក​រើសអើង​ជាតិសាសន៍​ប្រឆាំង​ស្បែក​ស​ក្នុង​ឆ្នាំ ២០២២។ លោកស្រី Gabbard បាន​គាំទ្រ​លោក Trump ក្នុង​ឆ្នាំ ២០២៤ ដោយ​អះអាង​ថា​ មាន​តែ​លោក​ Trumpទេ​ ដែល​អាច «នាំ​យើង​ត្រឡប់​មក​វិញ​ពី​គែម​នៃ​សង្គ្រាម»។
ប្រែសម្រួលៈ ណៃ តុលា

To Top