ចិន ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យម របស់សហរដ្ឋអាមេរិកនៅអាស៊ី
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាស៊ី ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុនកែតម្រូវកំហុសរបស់ពួកគេ។
អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ យោធាសហរដ្ឋអាមេរិក មានគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅក្នុងប្រទេសជប៉ុន រវាងខែមិថុនា និងខែកញ្ញា សម្រាប់សមយុទ្ធយោធារួមគ្នារបស់ពួកគេ។ បន្ទាប់ពីសមយុទ្ធ ប្រព័ន្ធនេះនឹងត្រូវផ្លាស់ទីទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅប្រទេសជប៉ុន។
លោក Guo Jiakun បានកត់សម្គាល់ថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon ដែលជាអាវុធវាយលុក ជាយុទ្ធសាស្ត្រ នឹងប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខស្របច្បាប់របស់ប្រទេសដទៃទៀត គំរាមកំហែងដល់សន្តិសុខជាយុទ្ធសាស្ត្រក្នុងតំបន់ និងជំរុញហានិភ័យ នៃការប្រឈមមុខដាក់គ្នាខាងយោធា និងការប្រណាំងប្រជែងសព្វាវុធ។ វានឹងមិននាំមកនូវអ្វី ក្រៅតែពីគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាជនមកពីប្រទេសអាស៊ី ជាច្រើន រួមទាំងប្រទេសជប៉ុនផងដែរ បានសម្តែងការជំទាស់របស់ពួកគេ ចំពោះការដាក់ពង្រាយនេះ នេះបើតាមសម្តីរបស់ ហ្គៅ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុនស្តាប់ការអំពាវនាវរបស់ប្រទេសក្នុងតំបន់ កែតម្រូវការអនុវត្តខុសឆ្គង និងដើរតួនាទីវិជ្ជមានជាមួយនឹងសកម្មភាពជាក់ស្តែងសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់” ។
លោកបានលើកឡើងថា ចលនានេះគឺជាឧទាហរណ៍មួយទៀតនៃការបង្កើនសមត្ថភាពយោធាឡើងវិញរបស់ប្រទេសជប៉ុន។ សញ្ញាផ្សេងៗបង្ហាញថា កងកម្លាំងស្តាំនិយមជប៉ុន កំពុងស្វែងរកការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវសមត្ថភាពយោធារបស់ប្រទេសជប៉ុន និងការរៀបចំសម្រាប់អ្វីដែលគេហៅថា “ជម្លោះដែលអូសបន្លាយ” ។ ជាទូទៅ នេះនឹងធ្វើឱ្យរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន និង ច្បាប់អន្តរជាតិ និងក្នុងស្រុកចុះខ្សោយ និងប្រឈមនឹងសណ្តាប់ធ្នាប់ អន្តរជាតិក្រោយសង្គ្រាម ដែលមិនស៊ីសង្វាក់គ្នា នឹងរូបភាពដែលអះអាងដោយខ្លួនឯង របស់ប្រទេសជប៉ុនថាជា “ប្រទេសសម្រាប់សន្តិភាព”៕
