ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំការវាយប្រហារយោធា ជុំថ្មីលើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ ដោយដកស្រង់ប្រភព ដែលដឹងផ្ទាល់អំពីផែនការនេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំការវាយប្រហារយោធាជុំថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ។ CBS News បានរាយការណ៍ថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងគិតត្រឹមរសៀលថ្ងៃសុក្រ នៅឡើយទេ។

ថ្មីៗនេះ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir ក៏បានឧ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងស្ថិតក្នុង «កម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត» ខណៈដែលសហរដ្ឋអាមេរិក បានគំរាមកំហែងវាយប្រហារអ៊ីរ៉ង់ឡើងវិញ ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយយោធា លោក Eyal Zamir បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជា មួយមេបញ្ជាការកងពលទាំងអស់ ដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់កងទ័ព និងវឌ្ឍនភាពនៃការប្រយុទ្ធគ្នានៅសមរភូមិច្រើនជួរមុខ របស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Eyal Zamir និងមេបញ្ជាការបានធ្វើ «ការវាយតម្លៃស្ថានភាពប្រតិបត្តិការ» និងបានពិភាក្សាអំពីការត្រៀម ខ្លួនរបស់កងកម្លាំង និងការបន្តប្រយុទ្ធនៅក្នុងវិស័យផ្សេងៗ។

លោកបានលេីកឡេីងថា យោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើ «ការវាយប្រហារជាប្រព័ន្ធ ដ៏មានឥទ្ធិពល និងជាជំហានៗ» ប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយបច្ចុប្បន្នកំពុងពង្រឹង កងកម្លាំងនៅតំបន់ព្រំដែនជាច្រើន។

លោកបានបន្ថែមថា យោធាត្រូវពង្រីកបុគ្គលិកបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីអនុវត្តបេសកកម្មរបស់ខ្លួន និងបន្ធូរបន្ថយសម្ពាធលើកងទ័ពបម្រុង ដោយហៅវាថាជា «បញ្ហាសំខាន់» សម្រាប់សមត្ថភាពប្រតិបត្តិការរបស់យោធា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top