សហភាពអឺរ៉ុប នឹងផ្អាកពន្ធលើជីសំខាន់ៗ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ នៃវិបត្តិមជ្ឈិមបូព៌ាលើកសិករអឺរ៉ុប
ប្រ៊ុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានប្រកាសអំពីការផ្អាកពន្ធគយរយៈពេលមួយឆ្នាំ លើជីសំខាន់ៗដែលមានមូលដ្ឋានលើអាសូតដូចជាអ៊ុយរ៉េ និងអាម៉ូញាក់ ដែលមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់ លើកសិករសហភាពអឺរ៉ុប។
ការបិទច្រកសមុទ្រហ័រមូស ស្ទើរតែទាំងស្រុង បានរំខានដល់ពាណិជ្ជកម្មជីសកលប្រហែលមួយភាគបី ដែលជំរុញឱ្យតម្លៃកើនឡើងយ៉ាងខ្លាំង។ កាលពីខែមេសា អង្គការស្បៀងអាហារ និង កសិកម្មនៃអង្គការសហប្រជាជាតិបានព្រមានថា ការបិទផ្លូវដ៏យូរអាចបង្កឱ្យមានគ្រោះ មហន្តរាយកសិកម្មចំណីអាហារ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយសង្គ្រោះកសិករសហភាពអឺរ៉ុប និងឧស្សាហកម្មជីប្រហែល ៦០ លានអឺរ៉ូ (៦៩,៦ លានដុល្លារអាមេរិក) ពីការបង់ពន្ធនាំចូល។ ការផ្អាកពន្ធនេះមិនអនុវត្តចំពោះផលិតផលជីដែលនាំចូលពីប្រទេសរុស្ស៊ី ឬបេឡារុសទេ។ វិធានការនេះនឹងចូលជាធរមាននៅថ្ងៃបន្ទាប់ពីការបោះពុម្ពផ្សាយរបស់វានៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប។
បច្ចុប្បន្ននេះ សហភាពអឺរ៉ុប បាននាំចូលជីមួយចំនួនធំដោយមិនគិតពន្ធពីប្រទេសដែលមានការអនុគ្រោះពន្ធរួចហើយ ប៉ុន្តែបរិមាណដ៏សំខាន់មួយនៅតែចូលមកក្នុងអត្រាពន្ធចាប់ពី ៥.៥ ទៅ ៦.៥ ភាគរយ។
ដើម្បីធ្វើឲ្យមានតុល្យភាពផលប្រយោជន៍របស់អ្នកផលិតសហភាពអឺរ៉ុប ក្រុមប្រឹក្សាបាននិយាយថា ការលើកលែងពន្ធនឹងត្រូវស្ថិតនៅក្រោមកូតា ដែលកំណត់នៅបរិមាណនៃការនាំចូលរបស់ប្រទេសដែលអនុគ្រោះពន្ធបំផុតនៅឆ្នាំ ២០២៤ បូកនឹង ២០ ភាគរយនៃបរិមាណដែលនាំចូលពីប្រទេសរុស្ស៊ី និងបេឡារុសក្នុងឆ្នាំដដែល។
នៅឆ្នាំ ២០២៤ សហភាពអឺរ៉ុប បាននាំចូលអាម៉ូញាក់ចំនួន ២ លានតោន និងអ៊ុយរ៉េចំនួន ៥.៩ លានតោន ដែលភាគច្រើនត្រូវបានប្រើ សម្រាប់ការផលិតជីដែលមានមូលដ្ឋានលើអាសូត។ លើសពីនេះ ប្លុកនេះបាននាំចូលជី និងល្បាយដែលមានមូលដ្ឋាន លើអាសូតចំនួន ៦.៧ លានតោនដែលមានផ្ទុកអាសូត៕
ប្រែសម្រួល ឈូក បូរ៉ា
