បណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ២២១នាក់ នៅក្រុងតាខ្មៅ
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគម បណ្តាញកសិករតេជោ, លោក ខុន សេរីរដ្ឋា អភិបាលរង ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅក្នុងពិធីសំណេះសំណាលនោះមានចូលរួមពី លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន ២២១ នាក់។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករ នៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួយជុំថ្ងៃនេះក្នុងនាម ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជនបទផងដែរ។

លោកបណ្ឌិត កៅ ថាច បានរំលឹក ជូនកសិករទៀតថា ការងារធ្វើកសិកម្មមានគ្រប់ទីកន្លែងមិនថានៅក្រុងតាខ្មៅឬនៅទីណាទេ កសិកម្មនេះបានបន្សល់ទុកតាំង ពីសម័យអង្គរមក គឺកសិកម្មសម័យនោះមិនត្រឹមតែធ្វើ ដើម្បីផ្គត់ផ្គង់កងទ័ពទេ កសិកម្មជាជន្ទុលនៃសេដ្ឋកិច្ចជាតិ ពោល កសិករយើងមានការរីកចម្រើនខ្លាំងទាំងការងារអប់រំនិងវិទ្យាសាស្ត្រទៀតផង។

លើសពីនេះ លោកបណ្ឌិតប្រតិភូ បានលើកឡើងថា បើប្រទេសមួយអត់កសិកម្មសន្តិសុខស្បៀង នឹងកើតឡើងដែរ ព្រោះស្បៀងជាតម្រូវការមូលដ្ឋាន របស់មនុស្សលោក ។ ជាក់ស្តែងកសិករនៅក្រុងតាខ្មៅខេត្តកណ្តាលយើងនេះ ត្រូវតែបន្តធ្វើកសិកម្មគ្រប់ប្រភេទទៀត ដូចជា ការដាំដុះបន្លែ ចិញ្ចឹម សត្វ និងការកែច្នៃ ដោយផ្តោតលើបច្ចេកទេស និងទីផ្សារ។

លើសពីនេះ លោកបណ្ឌិត បន្ថែមថា «ដោយសារតែកសិកម្មសម័យនេះ គឺខុសពី៥០០ឆ្នាំមុនដែលកសិករយើងប្រើនង្គលសម្រាប់ភ្ជួរស្រែ ប៉ុន្តែកសិកម្មសម័យថ្មីគេ ប្រើគ្រឿងយន្តកសិកម្មទំនើបៗដោយ ប្រើប្រាស់ជីគីមី ដើម្បីបានផលច្រើន នឹងឥឡូវនេះបានឈានដល់ការប្រើប្រាស់ជីធម្មជាតិជំនួសជីគីមីវិញម្តង»។

នៅក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ បានប្រាប់កសិករថា ការធ្វើកសិកម្មមិនទាន់ទៅណាឆ្ងាយទេ នៅជាប់ជាមួយនិងបងប្អូន ព្រោះខ្មែរយើងមានឈាមជ័រកសិកម្មតាំងពីសម័យអង្ករមកម្លេះដូច្នេះហើយ បើចង់ធ្វើកសិកម្មកុំឲ្យធ្លាក់ក្នុងអន្ទាក់បំណុល ត្រូវចេះគិតគូរថ្លៃដើមផលិតក្នុង១ឯកតា បើមិនដូច្នោះ ទេ បងប្អូននឹងស្រែកថាខាតរាល់ឆ្នាំ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ ងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ជាពិសេសរៀនតាមប្រព័ន្ធ យូធូប ពីរបៀបផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើមផលិតផងដែរ។

ជាក់ស្តែង សមាគមបណ្តាញកសិករតេជោវិញ នឹងធ្វើទី១ ជា ឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន គៃចំណេញលើកសិករ និង(២)សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕
