DAP News
ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ចំណុចស្នូល ទំនាក់ទំនងកម្ពុជា-កូរ៉េ គឺពាណិជ្ជកម្ម-វិនិយោគ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា មានប្រសាសន៍ថា ចំណុចស្នូល នៃទំនាក់ទំនង រវាងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោក ផាក ជូបុង ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា តាមរយៈលោក ផាក ជូបុង ក្រុមអ្នកវិនិយោគ កូរ៉េកំពុង ស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វី ដែលជាការកត់សម្គាល់សំខាន់នោះ គឺទៅលើស្វាយចន្ទី ។

សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះការចាប់អារម្មណ៍ របស់អ្នកវិនិយោគកូរ៉េ ទៅលើ ផ្នែកកសិកម្ម ពោលគឺស្វាយចន្ទី ដោយសម្ដេចបានរំលេចថា ប្រទេសកម្ពុជាមានផលិតផល ជាច្រើនសម្រាប់ធ្វើការ វិនិយោគបន្តទៀត ជាពិសេសផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចតេជោមានប្រសាសន៍បន្តថា អ្វីដែលកម្ពុជាត្រូវការ បន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃ កសិផលរបស់កម្ពុជា ដើម្បីយកទៅលក់ នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង ។

បើតាមអ្នកនាំពាក្យ “សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ចំណុចស្នូលនៃទំនាក់ទំនងរវាងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ។ ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាង មកកាន់ប្រទេសកម្ពុជា នៅពេលនេះ នឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា” ។

ជាមួយគ្នានេះ សម្ដេចតេជោបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនង រវាងប្រទេសកម្ពុជា-កូរ៉េ ដែលពេលនេះ ជាដៃគូយុទ្ធសាស្រ្តមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនង រវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញនោះ ប្រទេសទាំងពីរ នឹងអាចដើរដល់ជំហាន មួយទៀត គឺការបង្កើតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយគ្នា៕

To Top