សម្ដេចធិបតី ៖ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែមានការគាំទ្រ ពីប្រជាជន ដីពន្ធកសិកម្ម គឺមិនយកឡើយ
ត្បូឃ្មុំ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ដរាបណាគណបក្ស ប្រជាជនកម្ពុជា នៅមានការគាំទ្រ របស់ប្រជាជនឱ្យដឹកនាំប្រទេស ពន្ធដីកសិកម្មនៅតែមិនយក ហើយនេះគឺ ជាគោលនយោបាយច្បាស់ លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល នៅតែបន្ដជួយ ជាពិសេសក្នុងវិស័យកសិកម្មរបស់យើង ការមិនយកពន្ធទៅលើដីកសិកម្ម ដរាបណា គណបក្សប្រជាជនកម្ពុជា នូវតែមានការគាំទ្ររបស់ប្រជាជនឱ្យដឹកនាំប្រទេស យើងនៅតែមិនយកពន្ធដីកសិកម្មនេះ»។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពី គោលដៅក្នុងការបង្កើត សួនឧស្សាហកម្ម នៅតាមបណ្ដាខេត្ត គឺដើម្បីរក្សាទីផ្សារដែលមានតម្លៃខ្ពស់ និងស្ថិរភាពឱ្យកសិករ ព្រោះបើយកខ្សែចង្វាក់ផលិតកម្ម និងអ្នកទិញមកដាក់នៅក្នុងស្រុក រាជរដ្ឋាភិបាលនឹងជួយអ្នកវិនិយោគនោះ តាមរយៈការឱ្យពន្ធទាប ដើម្បីមានលទ្ធភាពទៅទិញផលិតផលសិកម្ម របស់កសិករខ្មែរ ទិញឱ្យបានតម្លៃខ្ពស់ និងមានទីផ្សារថេរពីកសិករ នៅក្នុងស្រុកនេះហើយជាអ្វី ដែលរាជរដ្ឋាភិបាលកំពុងធ្វើ៕
