ព័ត៌មានជាតិ

ស្នងការនគរបាលថ្មីជានរណា? បើអភិបាលខេត្តមណ្ឌលគិរីថ្មី ត្រូវបង្ហាញហើយនោះ…

មណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ខាងមុខ នាសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមកម្មវិធី ដែលបានផ្សព្វផ្សាយ ពិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដោយមានការទទួល ស្វាគមន៍គណៈអធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មកពីស្ថាប័នពាក់ព័ន្ធជាច្រើន។

ក្នុងលិខិតមួយរបស់រដ្ឋបាល ខេត្តមណ្ឌគិរី បានបញ្ជាក់ដែរថា លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងធ្វើសុន្ទរកថា ស្វាគមន៍និងអានរបាយការជូនគណៈធិបតី ។ ចំណែកលោកសួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងអានព្រះរាជក្រឹត្យ តែងតាំងគណៈអភិបាលខេត្តមណ្ឌលគិរីថ្មី ។ ក្នុងនោះ នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រគល់អនុក្រឹត្យតែងតាំង និងត្រាស្នងការដ្ឋាន នគរបាលខេត្តជូនស្នងការថ្មីផងដែរ។

ជុំវិញការប្រកាសចូលកាន់ដំណែងថ្មីនេះ យោងតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី ត្រូវបានផ្លាស់ប្តូរ ទៅជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជំនួសអោយលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរីវិញម្តង ។ ជាមួយគ្នាលោកឧត្តមសេនីយ៍ទោ ឡោ សុខា ត្រូវបានបញ្ចប់មុខដំណែង កាលពីពេលថ្មីៗកន្លងទៅ ដោយជំនួសដោយមន្ត្រី នៃក្រសួងមហាផ្ទៃ ។

ក្នុងលិខិតរដ្ឋបាលខេត្តមណ្ឌលគិរី ដែលរៀបចំកម្មវិធី ប្រកាសចូលកាន់ ដំណែងផ្អែក តាមឯកសារផ្លូវការ មិនបានបង្ហាញឈ្មោះមន្ត្រី ដែលត្រូវទទួលតំណែងថ្មីនៅឡើយទេ ខណៈមហាជន និងមន្ត្រីមូលដ្ឋាន កំពុងរង់ចាំតាមដានព័ត៌មានផ្លូវការបន្ថែម ។

សូមជម្រាបថាខេត្តមណ្ឌលគិរី បានរងភាពរង្គោះរង្គើរបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈប្រមុខរដ្ឋស្តីទីសម្តេចតេជោ បានសម្រេចចេញព្រះរាជក្រឹត្យនិងអនុក្រឹត្យ ផ្លាស់ប្តូរមុខដំណែង និងបញ្ចប់មុខដំណែង អភិបាលខេត្តមណ្ឌលគិរី ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងករណីScam onlineដែលកើតមានក្នុងមូលដ្ឋាន។

យ៉ាងណាក្តី នៅថ្ងៃទី២៨ ខែឧសភាខាងស្អែកនេះ ចម្ងល់របស់មហាជន និងត្រូវបានបកស្រាយ ពេលកម្មវិធីប្រកាស ចូលកាន់ដំណែងប្រព្រឹត្តទៅ ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top