ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ បញ្ជាក់ជាថ្មីអំពីការ ប្តេជ្ញាចិត្តរបស់ខ្លួន​ ចំពោះការទូត​ ដើម្បីបញ្ចប់ភាពតានតឹងក្នុងតំបន់

តេអេរ៉ង់៖ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក​ កាលពីថ្ងៃអង្គារ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់​ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់​ ចំពោះការទូត​ ដើម្បីបញ្ចប់ភាពតានតឹងនៅអាស៊ីខាងលិច។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេហ្ស៊ីប តួកគី កាតា និងអូម៉ង់ លោក Pezeshkian បានបង្ហាញពីភាពត្រៀមខ្លួនរបស់អ៊ីរ៉ង់​ ក្នុងការសម្រេចបាននូវ «ក្របខ័ណ្ឌដ៏ថ្លៃថ្នូរ» ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្ថែមថា អ៊ីរ៉ង់​ បានបង្ហាញពីភាពស្មោះត្រង់របស់ខ្លួននៅក្នុងការសន្ទនា។

លោកបានលេីកឡេីងថា កិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ និងកម្រិតអ្នកជំនាញកំពុងដំណើរការដើម្បីបញ្ចប់សេចក្តីព្រាងឯកសារសម្រាប់កិច្ចព្រមព្រៀង «ទូលំទូលាយ និងយុត្តិធម៌»។

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងឯកភាពមូស្លីម និងបានសម្តែងការគាំទ្រយ៉ាងម៉ឺងម៉ាត់​ ចំពោះការចរចាដែលកំពុងបន្ត។ ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងចុងក្រោយ និងបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានស្វាគមន៍ចំពោះកិច្ចចរចាដែលកំពុងដំណើរការ ហើយព្រះចៅស៊ុលតង់ Haitham bin Tariq Al Said នៃប្រទេសអូម៉ង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសរបស់ទ្រង់​ ចំពោះការពិគ្រោះយោបល់ប្រកបដោយស្ថាបនា។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់បទឈប់បាញ់គ្នានៅថ្ងៃទី៨​ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៤០ថ្ងៃ។ បន្ទាប់ពីបទឈប់បាញ់គ្នា ពួកគេបានធ្វើកិច្ចចរចាសន្តិភាពមួយជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១​ និង ១២​ ខែមេសា ដែលមិនបានសម្រេចកិច្ចព្រមព្រៀង។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរផែនការដែលបានស្នើឡើងជាច្រើន ដែលគូសបញ្ជាក់ពីលក្ខខណ្ឌ​ សម្រាប់សន្តិភាពតាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយកំពុងធ្វើការ​ ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ដែលមានគោលបំណងបញ្ចប់សង្គ្រាម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top