វេទិកាជំនួបស្ដីពី «បច្ចុប្បន្នភាពថ្មីៗ នៃដំណើរការ និងនីតិវិធីដោះស្រាយវិវាទការងារ នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល»
ភ្នំពេញ៖ លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជំនួបស្ដីពី «បច្ចុប្បន្នភាពថ្មីៗនៃដំណើរការ និង នីតិវិធីដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតំណាងសហគ្រាស ក្រុមហ៊ុន ប្រមាណ ៦៥នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ វេទិកានេះ រៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ បន្ទាប់ពីប្រកាសលេខ ០៩៨ ក.ប/ប្រ.ក.វ.ក ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ត្រូវបានដាក់ឱ្យអនុវត្ត ។

ថ្លែងក្នុងវេទិកានេះ លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រកាសនេះកើតចេញពីលទ្ធផលនៃការពិភាក្សាពិគ្រោះយោបល់ត្រីភាគី និងមានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ព្រមទាំងបានឈានដល់ការឯកភាព ក្នុងការចេញឱ្យអនុវត្តប្រកាសនេះ ដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសការដោះស្រាយ វិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកស្រី សួស ស៊ីនួន បានសម្ដែង នូវក្ដីសង្ឃឹម យ៉ាងមុតមាំថា វេទិកានេះ នឹងផ្តល់ចំណេះដឹងទាក់ទងនឹង ចំណុចសំខាន់ៗនៃប្រកាសស្តីពីក្រុមប្រឹក្សា អាជ្ញាកណ្តាល ជនទទួលការការពារជាពិសេស និងនីតិវិធីនៃការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព៕







