ព័ត៌មានជាតិ

សម្តេចធិបតី ជំរុញឱ្យផលិតទំនិញ យុទ្ធសាស្រ្តឱ្យបានច្រើន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍រំលឹកថា នៅពេលមានបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានជំរុញឱ្យផលិតទំនិញ យុទ្ធសាស្រ្តមួយចំនួន ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ។

ថ្លែងចេញពីវេទិកាសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ដោយសារការផ្គត់ផ្គង់ទំនិញចាំបាច់មួយចំនួនមិនទាន់បានបំពេញតម្រូវការដល់ប្រជាពលរដ្ឋ សម្តេចបានជំរុញឱ្យមានការផលិតបន្ថែមទៀត ដោយបានដាក់ចេញគោលការណ៍អនុគ្រោះពន្ធ ។

សម្តេចបន្តថា “នៅពេលមានបញ្ហាព្រំដែនជាមួយភាគីថៃ ខ្ញុំបានជំរុញឱ្យមើលឧស្សាហកម្មយុទ្ធសាស្រ្ត ។ ការវិនិយោគយុទ្ធសាស្រ្តមួយណាដើម្បីបង្កើននៅក្នុងស្រុក ដែលអាចធ្វើបានពង្រីកលទ្ធភាពក្នុងស្រុកចាប់យកឱកាស ឱកាសដែលប្រជាពលរដ្ឋមកគាំទ្រ ផលិតផលក្នុងស្រុកត្រូវមានចីរភាព ។ ចឹងចីរភាពត្រូវមានទាំងពីរ ទាំងផលិតផល ដែលមានគុណភាព ចីរភាព និងអ្នកទិញដែលមានចីរភាព និងគុណភាព ។ ពីរនេះ កើតឡើងជាមួយគ្នា” ។

សម្តេចធិបតីមានប្រសាសន៍ទៀត ជាធម្មតាអ្នកទិញទៅយកប្រើប្រាស់ ឬបរិភោគត្រូវតែគិតពីគុណភាពជាចម្បងដើម្បីសុខភាពល្អ ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ទំនិញសាកល្បងដែលជំរុញផលិតពេលមានជម្លោះព្រំដែនជាមួយភាគីថៃនោះរួមមាន ៖ ទឹកដោះគោ មី និងស្ករស ដែលរដ្ឋបានដាក់គោលដៅក្នុងការកាត់បន្ថយការនាំចូលឈានទៅដល់កាត់ផ្តាច់ជាអតិបរិមា និងពង្រីកការផលិត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍អះអាងទៀតថា នៅពេលផ្ទុះសង្គ្រាមជាមួយភាគីថៃ ការផលិតមីក្នុងស្រុកមានតែ២០%ប៉ុណ្ណោះដែលចំនួននេះ មិនអាចបំពេញតម្រូវការ ផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែដើម្បីលើកទឹកចិត្តក្នុងការផលិត រដ្ឋបានដាក់គោលនយោបាយ អនុគ្រោះពន្ធមួយចំនួនដើម្បីជួយដល់ការផលិតនៅក្នុងស្រុក ៕

To Top