ក្រុមហ៊ុនកូរ៉េចំនួន៥ គ្រោងទៅកម្ពុជា ស្វែងរកឱកាសវិនិយោគ
ភ្នំពេញ ៖ តំណាងក្រុមហ៊ុនកូរ៉េចំនួន៥ គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក Lee Mooncheol នាយកប្រតិបត្តិក្រុមហ៊ុន Aerobi Co., Ltd និងលោក Song Young-Ho គ្រូបង្វឹកកីឡាវាយសី នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ក្រោមការសម្របសម្រួលរបស់លោក Kim Yun Tae នាយកសារមន្ទីរពហុវប្បធម៌កូរ៉េ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក Kim បានសម្តែងសេចក្តីសោមន្សរីករាយ ដែលមានឱកាសអញ្ជើញ មកស្ថានទូតសាជាថ្មី ។

លោក Kim ក៏បានជម្រាបពីវឌ្ឍនភាពនៃការងារសហការ ក្នុងការស្វែងរកអ្នកវិនិយោគកូរ៉េ ដើម្បីទៅសិក្សាពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលលោកមានគម្រោងដឹកនាំក្រុមហ៊ុនចំនួន៥ ទៅកាន់ប្រទេសកម្ពុជាជាជំហានដំបូង នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ។ ក្នុងអំឡុងពេលទស្សនកិច្ច របស់ក្រុមអ្នកវិនិយោគកូរ៉េនៅកម្ពុជាខាងមុខ លោក Kim ក៏បានសំណូមពរឲ្យស្ថានទូត ជួយសម្របសម្រួលជំនួប ជាមួយក្រសួង-ស្ថាប័ន និងក្រុមហ៊ុនជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពី ឱកាសវិនិយោគជាមួយគ្នានាពេលអនាគត។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោក Kim ដែលតែង តែសហការ សម្របសម្រួលការងារ និងណែនាំក្រុមហ៊ុនមួយចំនួន ដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជានាពេលកន្លងមក ។

ឯកឧត្តមបានជម្រាបជូនភាគីក្រុមហ៊ុនកូរ៉េថា ស្ថានទូតនឹងជួយសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងសំណើសុំជួបជាមួយភាគីពាក់ព័ន្ធកម្ពុជា និងបន្តគាំទ្រក្រុមហ៊ុនឱ្យទទួលបានផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនាពេលឆាប់ៗខាងមុខ៕


