DAP News
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្រើកូនកាំបិត ចាក់ទៅលើគូស្នេហ៍​ បណ្ដាលឱ្យរងរបួស

ភ្នំពេញ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ ដោយបានប្តឹងចោទប្រកាន់ ទៅលើគូស្នេហ៍របស់ខ្លួនឈ្មោះ ប៉ា ប៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ថាបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់មកលើខ្លួនត្រូវចំក្រោមឆ្អឹងដងកាំបិតខាងឆ្វេង និងចាក់ចំពីក្រោយក្រោមឆ្អឹងស្លាបប្រជៀងខាងស្តាំ ជម្រៅប្រហែលពីរថ្នាំងដៃ ព្រមទាំងគំរាមកំហែងតាមសម្លាប់ថែមទៀត។

បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយនារីជនរងគ្រោះ បានប្រើល្បិចទាក់ទងឲ្យជនសង្ស័យ មកជួបនឹងនារីរងគ្រោះ ដោយភូតកុហកថា នាងកំពុងមានផ្ទៃពោះ។ នៅពេលជនសង្ស័យមកដល់នារីរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩១។ ភ្លាមៗបន្ទាប់ព័ត៌មានខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ា ប៉ាន បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិត ចាក់ទៅលើនារីរងគ្រោះនារីជាអតីតសង្សាររបស់ខ្លួន ពិតប្រាកដមែន ដោយខ្លួនខឹងសុំត្រូវរូវគ្នាវិញ តែនាងមិនព្រម។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top