នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកា សរុបប្រមាណ ៤លានដុល្លារ សហរដ្ឋអាមេរិក
កំពង់ស្ពឺ: នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៦ ។

ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ចូលរួម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការអបអសាទរ យ៉ាងក្រៃលេងចំពោះខេត្តកំពង់ស្ពឺ និង បញ្ជាការរដ្ឋានកងរាជខេត្ត ក្នុងឱកាសបើកការដ្ឋានសាងសង់ អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ថ្មីជាផ្លូវការនាថ្ងៃនេះ និងសូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី នាយទាហាន នាយទាហានរង និងពលអាវុធ ហត្ថខេត្តកំពង់ស្ពឺ ចំពោះការលះបង់ ការខិតខំប្រឹងប្រែង និងការបំពេញភារកិច្ចប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋកន្លងមក ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។

សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីស្មារតី ម្ចាស់ការ ការរួបរួមសាមគ្គី និងការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ សមត្ថភាពការងារ និងលក្ខខណ្ឌបំពេញភារកិច្ចរបស់កងកម្លាំងឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ បានណែនាំ និងសង្កត់ធ្ងន់ដល់កងកម្លាំងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ឱ្យបន្តគោរពវិន័យកងទ័ព ឱ្យបានម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងបង្កផលប៉ះពាល់ដល់ សង្គម និងប្រជាពលរដ្ឋ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដែរ បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការពង្រឹងសមត្ថភាព ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធរបស់កងកម្លាំង ដើម្បីធានាបាននូវការបំពេញបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ ។

គូសបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថាការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីនេះជារួម គ្រោងចំណាយថវិកាសរុបប្រមាណ ៤លានដុល្លារ សហរដ្ឋអាមេរិកផងដែរ៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល






