ព័ត៌មានអន្តរជាតិ

ន័រវេស ចូលរួមជាមួយនឹង គំនិតផ្តួចផ្តើមខែល ការពារ និងទប់ស្តាត់អាវុធ នុយក្លេអ៊ែររបស់បារាំង

បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្រ្តីន័រវេសលោក Jonas Gahr Store បានប្រកាស កាលពីថ្ងៃពុធថា ប្រទេសន័រវេសនឹងចូល រួមជាមួយគំនិតផ្តួចផ្តើម ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ របស់ប្រធានាធិបតីបារាំង Emmanuel Macron ខណៈពេលដែលសង្កត់ធ្ងន់ថា ការសម្រេចចិត្តនឹងមិនផ្លាស់ប្តូរ គោលនយោបាយ ជាមូលដ្ឋានរបស់ប្រទេសន័រវេស ស្តីពីអាវុធនុយក្លេអ៊ែរនោះទេ។

លោកStore បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃពុធដើម្បីពិភាក្សាជាមួយនឹងលោក Macron ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ន័រវេស លោកបាននិយាយថា ការសម្រេចចិត្ត របស់ន័រវែស គឺផ្អែកលើស្ថានភាពសន្តិសុខ បច្ចុប្បន្ននៅអឺរ៉ុប ហើយថាអឺរ៉ុបត្រូវតែទទួលខុសត្រូវកាន់តែខ្លាំង ចំពោះសន្តិសុខរបស់ខ្លួន។

លោកStore ក៏បានសង្កត់ធ្ងន់ដែរថា គោលនយោបាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសន័រវេសនៅតែមិនផ្លាស់ប្តូរ។ លោកបាននិយាយថា ប្រទេសន័រវេសនឹងមិនអនុញ្ញាត ឱ្យមានអាវុធនុយក្លេអែរនៅលើទឹកដី របស់ខ្លួនក្នុងពេលវេលាសន្តិភាពឡើយដោយ លោកបានបន្ថែមថាន័រវែសក៏នឹងមិនរួមចំណែក ផ្នែកហិរញ្ញវត្ថុដល់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់បារាំងនោះដែរ។

កាលពីខែមីនា លោក Macron បានប្រកាសពីផែនការ ពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ។

លោកក៏បាននិយាយផងដែរថា ប្រទេសបារាំងបានត្រៀមខ្លួនដើម្បីបន្ថែម គ្របដណ្តប់លើអឺរ៉ុប” ទៅក្នុងយុទ្ធសាស្ត្រទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ដោយកត់សម្គាល់ថា ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងចក្រភពអង់គ្លេសបានសម្តែងចំណាប់អារម្មណ៍លើគំនិតផ្តួចផ្តើមនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top