DAP News
ព័ត៌មានអន្តរជាតិ

មន្ត្រី​អាមេរិក​ថា អាមេរិក​វាយប្រហារ​អ៊ីរ៉ង់​ម្តងទៀត បន្ទាប់ពី​លោក ត្រាំ បដិសេធ​កិច្ចព្រមព្រៀង​លើ​ច្រកសមុទ្រ Hormuz 

បរទេស៖ មន្ត្រីអាមេរិកម្នាក់បាននិយាយថា យោធាអាមេរិកបានធ្វើការវាយប្រហារថ្មី ដោយកំណត់គោលដៅប្រតិបត្តិការ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានបង្កការគំរាមកំហែងដល់កងកម្លាំងអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធរបាយការណ៍របស់អ៊ីរ៉ង់ អំពីកិច្ចព្រមព្រៀងដើម្បីស្តារចរាចរណ៍ឡើងវិញ តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនេះ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិករូបនេះ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា យោធាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកវាយប្រហាររបស់អ៊ីរ៉ង់ចំនួនបួនគ្រឿង និងបានវាយប្រហារស្ថានីយត្រួតពិនិត្យនៅលើដីមួយនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas ដែលត្រៀមនឹងចាប់ផើ្តមយន្តហោះគ្មានមនុស្សបើកទីប្រាំ។ សូមជម្រាបថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមាននៅដើមខែមេសា។
 
មន្ត្រីរូបនេះបាននិយាយថា “សកម្មភាពទាំងនេះត្រូវបានវាស់វែង ការពារសុទ្ធសាធ និងមានបំណងរក្សាបទឈប់បាញ់”។
 
ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានដកស្រង់ ប្រភពយោធាមួយថា កងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីស្លាម បានបាញ់ទៅលើនាវាដឹកប្រេង របស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ ដោយបង្ខំឱ្យនាវាបត់ត្រឡប់ទៅវិញ។ ប្រភពនេះបាននិយាយថា យោធាអាមេរិកបន្ទាប់មកបានវាយប្រហារបើកចំហនៅជុំវិញ Bandar Abbas ដោយគ្មានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតឡើយ។
 
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក្រោយមក បានរាយការណ៍ថា មន្ត្រីយោធាម្នាក់បាននិយាយថា នាវាចំនួនបួនគ្រឿងបានព្យាយាម ឆ្លងកាត់ច្រកសមុទ្រនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែត្រូវបានបង្វែរត្រឡប់មកវិញ ដោយការបាញ់ព្រមានក្នុងទិសដៅរបស់ពួកគេ។
 

To Top