មេដឹកនាំវៀតណាម លោក តូ ឡាំ ត្រូវបានគេរំពឹងថា ជួបជាមួយព្រះមហាក្សត្រថៃ និងមហេសី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ទៅកាន់ប្រទេសថៃ
បរទេស ៖ លោក តូ ឡាំ អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម អមដំណើរដោយភរិយារបស់លោក គឺលោកស្រី ង៉ូ ភឿងលី បានចាកចេញពីទីក្រុងហាណូយ កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ទៅកាន់ប្រទេសថៃ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា បន្ទាប់ពីសកម្មភាពនៅខេត្តឧដុង្គថានី គណៈប្រតិភូវៀតណាម បានមកដល់អាកាសយានដ្ឋាន អន្តរជាតិដុនមឿង ក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃពុធ ដោយបន្តដំណើរទស្សនកិច្ច ផ្លូវការបន្តទៀត។
លោក តូ ឡាំ ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានដោយឧបនាយករដ្ឋមន្ត្រីថៃ លោក ផាកន និលប្រាភុន រួមជាមួយមន្ត្រីរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតថៃប្រចាំវៀតណាម ក៏ដូចជាឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំប្រទេសថៃ និងបុគ្គលិក និងនិយោជិតមួយចំនួនធំ នៃស្ថានទូតវៀតណាមប្រចាំប្រទេសថៃ។
នៅឯអាកាសយានដ្ឋាន កងកិត្តិយសបានឈរនៅសងខាងនៃកំរាលព្រំក្រហម ហើយការបាញ់កាំភ្លើងធំចំនួន ២១ ដើមត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នា ដើម្បីទទួលបដិសណ្ឋាកិច្ចផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ មេដឹកនាំវៀតណាមត្រូវបានគេរំពឹងថានឹងពិភាក្សា និងជួបជាមួយព្រះមហាក្សត្រ និងមហេសី, នាយករដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់ថៃដទៃទៀត ដើម្បីពិភាក្សាអំពីទិសដៅសំខាន់ៗសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការថ្មី។ ក្នុងឱកាសនេះ លោក តូ ឡាំ ក៏នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ថៃ និងធ្វើជាសាក្សីនៃការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរផងដែរ។
