រដ្ឋមន្រ្តី ហេង សួរ និងលោកស្រី អញ្ជើញចូលរួមកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី សោម រស្មី បានអញ្ជើញចូលរួមក្នុងកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាល ជាមួយគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជនជូនមូលនិធិគន្ធបុប្ផាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal ។

«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ព្រមទាំងដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នាផ្តល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕














