បទវិភាគ ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ត្រួសត្រាយលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
ចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុង Suzhouនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ឆ្នាំ២០២៦»(ហៅកាត់ថា«សេចក្តីថ្លែងការណ៍ក្រុង Suzhou») អនុម័តលើផែនទីចង្អុលបង្ហាញផ្លូវសេវាកម្មជុំថ្មី ។ ល។ កាលពីថ្ងៃទី២៣ខែឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)ឆ្នាំ២០២៦បានបិទបញ្ចប់នៅទីក្រុង Suzhou ខេត្ត Jiangsu ។ ភាគីនានាបានឈានដល់លទ្ធផលជាក់ស្តែង”១+១”ដែលបានរួមចំណែកជាសមិទ្ធផលផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដ៏សំខាន់សម្រាប់កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការ APEC ដែលនឹងបើកធ្វើនៅចុងឆ្នាំនេះ ។ ភ្ញៀវកិត្តិយសជាច្រើនរូបដែលចូលរួមកិច្ចប្រជុំលើកនេះ បានសម្គាល់ឃើញថា ការដែលចិនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអង្គការ APEC បានផ្តល់កាលានុវត្តភាពដ៏សំខាន់សម្រាប់ភាគីនានាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងវិនិយោគ ។
ឆ្នាំនេះជាខួបទី៣៥នៃការចូលជាសមាជិកនៃអង្គការ APEC របស់ចិន ហើយក៏ជាលើកទី៣ដែលចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការ APEC ផងដែរ ។ ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់នៃមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិក ចិនបានចូលរួមយ៉ាងសកម្មនិងស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃអង្គការ APEC ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការ APEC ដែលបានបើកធ្វើកាលពីខែតុលាឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការចែករំលែកឱកាសនិងសម្រេចបាននូវភាពឈ្នះ-ឈ្នះក្នុងការអភិវឌ្ឍនិងបើកទូលាយ ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្នដើម្បីកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក ។ នៅ”ឆ្នាំចិន”នៃអង្គការ APEC ឆ្នាំនេះ ចិនបានកំណត់វិស័យជាអាទិភាពចំនួនបីគឺ “ការបើកទូលាយ នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការ” ។ ក្នុងអំឡុងពេលធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការ APEC លើកនេះ លោក He lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងថា នឹងចាត់ទុកតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិកជាគោលដៅវែងឆ្ងាយ ជំរុញយ៉ាងប្រាកដប្រជានិងប្រកបដោយភាពរស់រវើកនូវដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ ត្រូវប្រកាន់ខ្ជាប់ការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក(WTO)ឱ្យធ្វើកំណែទម្រង់ដោយស្របទៅតាមស្ថានភាពជាក់ស្តែង ។ ត្រូវបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនាក្នុងវិស័យងើបឡើងថ្មី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយការច្នៃប្រឌិតថ្មី ។

អង្គការ APEC បានបង្ហាញយ៉ាងច្បាស់នូវទិសដៅនៃការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មី ដែលមានភាពស៊ីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មីរបស់ចិន ។ នៅឆ្នាំ២០២៥ តម្លៃបន្ថែមនៃឧស្សាហកម្មជាស្នូលខាងសេដ្ឋកិច្ចឌីជីថលរបស់ចិនត្រូវជាលើសពី១០,៥ភាគរយនៃបរិមាណសរុបនៃ GDP ហើយទំហំនៃឧស្សាហកម្មជាស្នូលនៃបញ្ញាសិប្បនិម្មិតមានចំនួនលើសពី១,២ទ្រីលានយាន់ប្រាក់ចិន ។ ឧត្តភាពអភិវឌ្ឍន៍ទាំងនេះបាននាំមកនូវកាលានុវត្តភាពដល់រដ្ឋសមាជិកនៃអង្គការ APEC ។
សូមក្រឡេកមើលសមិទ្ធផលជានិមិត្តសញ្ញាមួយទៀតនៃកិច្ចប្រជុំលើកនេះគឺ”ផែនទីចង្អុលបង្ហាញផ្លូវឧស្សាហកម្មសេវាកម្មដែលប្រកបដោយនវានុវត្តន៍ កម្លាំងប្រកួតប្រជែងនិងភាពធន់របស់អង្គការ APEC”។ ភាគីនានាបានឯកភាពគ្នាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗចំនួន៨ ជំរុញការច្នៃប្រឌិតថ្មីនិងកែទម្រង់ជាបន្តបន្ទាប់នៃគោលនយោបាយពាក់ព័ន្ធនឹងឧស្សាហកម្មសេវាកម្ម ហើយរួមគ្នាកសាងបរិយាកាសផ្នែកប្រព័ន្ធរបបនៃពាណិជ្ជកម្មនិងការវិនិយោគខាងសេវាកម្មដែលប្រកបដោយភាពបើកទូលាយនិងអាចរំពឹងទុកបាន ។ ផែនទីចង្អុលបង្ហាញផ្លូវជុំថ្មីនេះបានពិពណ៌នាអំពីផែនការអភិវឌ្ឍន៍ខាងវិស័យឧស្សាហកម្មសេវាកម្មនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលនឹងធ្វើឱ្យឧស្សាហកម្មសេវាកម្មក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញបន្ថែមទៀតនូវកំណើនសេដ្ឋកិច្ចនិងឱកាសការងារនៃអង្គការ APEC ។
ក្នុង”ឆ្នាំចិន”នៃអង្គការ APEC ភាគីចិននឹងចែករំលែកឱកាសនិងសម្រេចបាននូវភាពឈ្នះ-ឈ្នះជាមួយអង្គភាពសេដ្ឋកិច្ចនីមួយៗនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការអភិវឌ្ឍនិងបើកទូលាយ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការ APEC ដែលនឹងបើកធ្វើនៅក្រុង Shenzhen នៅចុងឆ្នាំនេះ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករប្រកបដោយចីរភាពដល់ការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក ។ ការពិតបានបញ្ជាក់ថា ជានិច្ចកាល ចិនតែងតែជា”ថ្មគ្រឹះនៃភាពប្រាកដប្រជា”និងជា”កំពង់ផែនៃស្ថិរភាព”ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕
