កម្មវិធី TVET 1.5M ៖ ជំនាញ ៣ ដែលត្រូវបានចុះឈ្មោះចូលរៀនច្រើនជាងគេពីយុវជនក្រីក្រ និងងាយរងហានិភ័យ អតីតពលករ និងពលរដ្ឋនៅក្នុងខេត្តប៉ៃលិន
ប៉ៃលិន៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន(PLPTC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍លើ ១១មុខជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចធិបតី ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ក្នុងនោះមានមុខជំនាញ ៣ ដែលទទួលបានការចាប់អារម្មណ៍ពីយុវជន អតីតពលករ និងពលរដ្ឋនៅខេត្តប៉ៃលិនរួមមាន ការកែច្នៃបន្លែ និងផ្លែឈើ សេវាកម្មរដ្ឋបាល និងសេវាកម្មសម្អាងកាយ ដែលសុទ្ធសឹងតែជាជំនាញស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអាចបង្កើតឱកាសរកចំណូលបន្ថែម រួមទាំងអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

ជាមួយគ្នានេះ មជ្ឈមណ្ឌល PLPTC បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មកត្រីមាសទី១ នៃដើមឆ្នាំនេះ បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២,៦៤០នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ១,៨៦៩នាក់។

គួរំលឹកផងដែរថា ចាប់តាំងពីការប្រកាសអនុវត្តនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៦ នេះសរុប ១៦៤,៦៧៧នាក់ ក្នុងនោះមានយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៧០,៧៨០នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងការបណ្ដុះបណ្ដាលជំនាញនៅទូទាំងប្រទេសកម្ពុជា៕


