DAP News
ព័ត៌មានជាតិ

បច្ចុប្បន្នភាពគ្រោះ ថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង ៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ៩០នាក់ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

ភ្នំពេញ៖ គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៨​ ខែឧស​ភា ឆ្នាំ​២០២​៦​នេះ បងប្អូន​កម្មក​រជិត ៩០​នាក់ បាន​សះស្បើយ និង​វិល​ត្រឡប់​ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និង​ស្រាលនៅសល់ ​២៣នាក់ដែលកំពុងសម្រាកព្យាបាលហើយ​មានសភាពល្អ​ប្រ​សើរ​ឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន​ មេសា បានថ្លែងថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង បងប្អូនកម្មករ​ដែលបាន​ត្រឡប់ទៅ​គេហដ្ឋាន​វិញ​ចំនួន ៥៧នាក់ ខណៈ​ដែល​អ្នក​របួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ៧នាក់ ដោយបន្ត​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យ។​ ដោយឡែក​ករណី​ខេត្ត​ស្វាយរៀង បង​​ប្អូន​កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៣០​នាក់ ខណៈ​ដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវ​បាន​គ្រួសា​រ​បញ្ជូន​ទៅ​ព្យាបាលនៅ​វៀត​ណាម ហើយ​អ្នករង​របួស​ស្រាល ៦នាក់​ ដោយប​ន្ត​សម្រាក​ព្យាបាល​នៅម​ន្ទីរ​ពេទ្យ។

លោកថា៖ “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករអាចត្រឡប់ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​បានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តា​ល​ឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នា​ក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ចរារចណ៍ភ្លាម លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹក​នាំ​ក្រ​សួង និងមន្ត្រីជំនាញក្រោមឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតភ្លាមៗប្រកបដោយការយកចិត្តទុកដាក់៕

To Top