អ្នកនាំពាក្យក្រសួងការងារ អំពាវនាវ ឱ្យបងប្អូនកម្មករនិយោជិតរោងចក្រ ML ប្រមាណជាង១០០នាក់ទៀត មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ខណៈចំនួនកម្មករ៥៨០នាក់ បានបើកប្រាក់ឈ្នួលរួច
បន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតចំនួន ១០០នាក់ នៅរោងចក្រអិមអិល(ML) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត “អូរនាង” ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ខណៈដែលបងប្អូនកម្មករនិយោជិតចំនួន ៥៨០នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតប្រមាណជាង ១០០នាក់ ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យមកបើកប្រាក់ឈ្នូល នៅក្នុងរោងចក្រផ្ទាល់។ ខ្ញុំក៏ចង់បញ្ជាក់ដែរថា បងប្អូនកម្មករនិយោជិតពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះការសម្របសម្រួល និងការដោះស្រាយរបស់ក្រុមការងារមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះកង្វល់របស់ពួកគាត់»។

បន្ថែមពីនេះ ក្នុងនាមក្រសួងការងារ លោក ស៊ុន មេសា ក៏សូមចូលរួមអបអរសាទរដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោកក៏បាន អំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរងចាំទទួល៧ថ្ងៃក្នុងមួយសប្តាហ៍៕






