ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បង្ហាញក្តីបារម្ភ ចំពោះសកម្មភាព លប លួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប ៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា ខិតខំសហការ ជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំ ដោយយកចិត្តទុកដាក់យ៉ាងណាក្តី ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភ នៅក្នុងឱកាសទទួលយកសត្វប្រមា២ក្បាល មកដោះលែងនៅក្នុងព្រៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោកសូមឱ្យសហគមន៍ ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់អង្គរ រួមគ្នាការពារសត្វព្រៃ កុំលួចដាក់អន្ទាក់ និងលួចបរបាញ់។

ការលើកឡើងពីកង្វល់នេះ ដោយសារតែបច្ចុប្បន្ន បើទោះបីជាអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នចម្រុះជាច្រើន រួមគ្នាការពារសត្វព្រៃជាប្រចាំក្តី ក៏នៅតែមានសកម្មភាពមួយចំនួន លបលួចបរបាញ់ និងដាក់អន្ទាក់សម្លាប់សត្វព្រៃនៅឡើយ។

លោក ជូរ៉ា ឌីណា បញ្ជាក់ថា ការថែរក្សាសត្វព្រៃ គឺ មានសារសំខាន់ខ្លាំងណាស់ សម្រាប់លើកតម្លៃ សម្បត្តិបេតិកភណ្ឌធម្មជាតិ និងជីវចម្រុះក្នុងតំបន់អង្គរ ពោល គឺនៅពេលដែលអ្នកទេសចរមកទស្សនាអង្គរ គឺគេឃើញប្រាសាទបុរាណផង និងបានឃើញសត្វព្រៃ ដែលបង្ហាញពីភាពសម្បូរបែបនៃធម្មជាតិផង។

លោក Nick Marx អ្នកជំនាញ របស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះ របស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សត្វព្រៃ មានតួនាទីយ៉ាងសំខាន់ក្នុងការនាំគ្រាប់ពូជនៃឈើនានា ឱ្យដុះក្លាយជាធម្មជាតិបៃតងដ៏សម្បូរបែបនៅក្នុងតំបន់អង្គរ ព្រមទាំងអាចទាក់ទាញអ្នកទេសចរជាច្រើន ឱ្យចាប់អារម្មណ៍ចំពោះធម្មជាតិផង។

លោក Nick Marx បញ្ជាក់ថា ក្នុងនាមអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) លោកសូមអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូប សូមរួមគ្នាការពារសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់អង្គរ ឱ្យបានគង់វង្ស។ «សូមកុំឱ្យចំណីដល់សត្វព្រៃ និងកុំទៅរំខានសត្វព្រៃ ហើយសូមទុក ឱ្យសត្វព្រៃទាំងនោះ បានរស់នៅក្នុងព្រៃធម្មជាតិ តាមទម្លាប់របស់ពួកវា ដោយសុខសាន្ត»។

បច្ចុប្បន្ននេះ នៅក្នុងព្រៃតំបន់អង្គរ មានសត្វព្រៃចម្រុះ កំពុងរស់នៅជាច្រើនប្រភេទ ដូចជា សត្វទោចមកុដ (Pileated Gibbon)សត្វឈ្លូស (Red Muntjac)សត្វស្វាព្រាហ្មណ៍(Silvered Langurs)សំពោចក្រអូប (Common palm Civets)សត្វភេខ្លួនរលោង (Smooth-coated Otter)សត្វឆ្មាដាវ (Leopard Cat) សត្វកេងកងតូច (Oriental Pied Hornbill)សត្វកេងកងធំ (Great Hornbill)សត្វភូវាំង (Wreathed Hornbill)សត្វក្ងោក (Peafowl)សត្វអន្សង(Common Water Monitor)និងសត្វពង្រូល (Sunda Pangolin)ជាដើម៕

To Top