ប្រធានគោលនយោបាយ ការបរទេសរបស់អឺរ៉ុប លើកឡើងថាសន្ទនាគ្នា ជាមួយនឹងរុស្សីអំពីបញ្ហាសន្តិភាព គឺគ្រាន់ជាអន្ទាក់ប៉ុណ្ណោះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអះអាងថា ប្រទេសរុស្ស៊ីកំពុងដាក់ អន្ទាក់មកលើសហភាពអឺរ៉ុប ដោយលើកទឹកចិត្តឱ្យរដ្ឋជាសមាជិកសម្រេចចិត្តថាតើអ្នកណាគួរតែតំណាងឱ្យប្លុកនេះ ក្នុងកិច្ចពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។
ក្រុមមន្ត្រីសហភាពអឺរ៉ុបបានត្អូញត្អែរអស់ជាច្រើនខែថា ការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីលើជម្លោះអ៊ុយក្រែនវាបានធ្វើឱ្យអឺរ៉ុបហាក់ដូចជានៅក្រៅឃុំ។ ទោះជាយ៉ាងណាក៏ដោយ ប្លុកដែលមានសមាជិក២៧រូបនៅតែមិនយល់ស្របថាអ្នកណាអាចនិយាយដើម្បីផលប្រយោជន៍របស់ខ្លួនក្នុងការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានជាមួយទីក្រុងមូស្គូដែលត្រូវបានកាត់ផ្តាច់បន្ទាប់ពីជម្លោះកើនឡើងនៅឆ្នាំ២០២២ ។
លោកស្រី Kallas បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍មុនកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅប្រទេស Cyprus ថា៖ខ្ញុំយល់ឃើញថាវាជាអន្ទាក់ដែលរុស្ស៊ីចង់ឱ្យយើងដើរចូលទៅក្នុង ដែលយើងពិភាក្សាថាអ្នកណានិយាយជាមួយពួកគេ ហើយពួកគេជ្រើសរើសរួចហើយថាអ្នកណាសមរម្យ និងអ្នកណាមិនសមរម្យ ។
មេដឹកនាំសហភាពអឺរ៉ុប ធ្លាប់បានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយនិយាយថា លោកនឹងស្វែងរកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ។
សុន្ទរកថារបស់លោកPutinត្រូវបានបកស្រាយនៅលោកខាងលិចថាជាការប៉ុនប៉ងដោយទីក្រុងមូស្គូដើម្បីកំណត់ជម្រើសការទូតរបស់សហភាពអឺរ៉ុបប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
