ព័ត៌មានជាតិ

អគ្គនាយក អគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអញ្ញើញចុះសួរសុខទុក្ខ និងសំណេះសំណាលដល់ នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ ៤២ និង នាយ ពលនគរបាល ការពារព្រំដែនគោកលេខ ៧០២ ទិសប្រាសាទតាមាន់

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើតខែជេស្ឋឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាសម្ព័ន្ធមេត្រីភាព បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់ នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ ៤២ និង នាយ ពលនគរបាល វរសេនាតូចការពារព្រំដែន គោកលេខ៧០២ និងនាំមកអំណោយគ្រឿងឧបភោគ បរិភោគ មកប្រគលជូនផងដែរ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិមុខ ទិសប្រាសាទតាមាន់ ។

ក្នុងនោះ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់កងទ័ព កងកម្លាំង កុំចាញ់បោកពួកជនខិលខូច តែងតែឃោសនាបំភ័ន្តមតិជាតិ និង អន្តជាតិ ព្រោះជនខិលខូចមួយចំនួន នឹងមិនដែលមកសួរសុខទុក្ខដល់បងប្អូនឡើយ មានតែ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលសម្តេច និងលោកជំទាវតែងតែយកចិត្តទុកដាក់ និងផ្តាំផ្ញើរខ្វល់ខ្វាយអំពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់បងប្អូន ។

ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជការ កងពលតូចថ្មើរជើងលេខ ៤២ បានមានមត្តិស្វាគមន៍ រាយការណ៍ជូនគណៈធិបតី អំពីសកម្មភាពសៀមនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និង ធ្វើការប្តេជ្ញាចិត្ត ការពារឲ្យបានដាច់ខាត នូវអធិបតេយ្យភាព បូរណៈភាពទឹកដី ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារលទ្ធិប្រជាធិបតេយ្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យជនណាមករំលោភបំពានបានឡើយ ៕

To Top