ថ្នាក់ដឹកនាំក្រសួងការងារ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ កម្មករនិយោជិត ដែលទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍
ព្រៃវែង៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យលោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ អញ្ជើញចូលរួម ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នៃសពកម្មករនិយោជិតចំនួន ៥នាក់ ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកស្រីរដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ព្រមទាំងបាននាំយកបច្ច័យរបស់ថ្នាក់ដឹកនាំក្រសួងចូលរួមរំលែកទុក្ខ និងធានារ៉ាប់រងលើការចំណាយក្នុងពិធីបុណ្យសព និងបុណ្យគម្រប់ខួប៧ថ្ងៃនេះផងដែរ ។

ទន្ទឹមនឹងនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តជួយដោះស្រាយ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនដល់ក្រុមគ្រួសារជនរងគ្រោះ ស្របតាមច្បាប់ និងរបបសន្តិសុខសង្គមជាធរមាន៕


