DAP News
ព័ត៌មានជាតិ

ក្រសួងការងារ បន្តនាំឱកាសការងារជាង ១ម៉ឺនកន្លែង ដល់ពលរដ្ឋខេត្តពោធិ៍សាត់ រួមទាំងអត្ថប្រយោជន៍ ប.ស.ស. និងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករ និងយុវជនជិត ៨០០នាក់ នៅសាលាស្រុកក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពរបស់លោក​ ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង ដោយឡែកសម្រាប់ខេត្តពោធិ៍សាត់ផ្ទាល់គឺមានការនាំយកឱកាសការងារចំនួន ១០ ៧៣២ កន្លែង ពីបណ្តារោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត។ លោកបានគូសបញ្ជាក់ថា បងប្អូនដែលចុះឈ្មោះធ្វើការងារស្របច្បាប់នឹងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ដូចមន្ត្រីរាជការ រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលជួយសម្រួលដល់ជីវភាពបានយ៉ាងល្អ។

ទន្ទឹមនឹងនេះ លោក ឡេង សែ បានក្រើនរំលឹកដល់ពលរដ្ឋឱ្យចៀសវាងការចាញ់បោកការងារនៅក្រៅប្រទេស ហើយប្រសិនបើមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ ជប៉ុន និងអូស្ត្រាលីជាដើម សូមពិនិត្យបញ្ជីឈ្មោះក្រុមហ៊ុនស្របច្បាប់ជាមួយអាជ្ញាធរ។ សម្រាប់ព័ត៌មានបន្ថែម ពលរដ្ឋអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទជំនួយរហ័ស ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

ក្រៅពីឱកាសការងារ លោកបានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់យុវជនឱ្យចាប់យកឱកាសចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ វគ្គបណ្តុះបណ្តាលទាំងនេះគ្របដណ្តប់លើជំនាញទីផ្សារជាច្រើនដូចជា ការជួសជុលគ្រឿងអគ្គិសនី សំណង់ សេវាកម្មកាហ្វេ និងផ្នែកសេវាកម្មផ្សេងៗទៀត ដែលនឹងធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យ។

សូមបញ្ជាក់ថា វេទិកាការងារដ៏មានសារៈសំខាន់នេះ ទទួលបានការសហការចូលរួមយ៉ាងពេញទំហឹងពីសំណាក់បណ្តារោងចក្រ សហគ្រាស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគម និងតំបន់សេដ្ឋកិច្ចពិសេសធំៗ រួមទាំង រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ, រោងចក្រ ញូ វ៉ាយ អឹភែរឹល, រោងចក្រ អខេធី, រោងចក្រ ស៊ិនគី អឹភឹរឹល, សិប្បកម្ម សាន ពៅ, រោងចក្រ មីនេបៀ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ), តំបន់សេដ្ឋកិច្ចពិសេស ចេជាង គម្រោង២ ព្រមទាំងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មស្របច្បាប់ទៅបម្រើការងារនៅប្រទេសជប៉ុនផងដែរ៕

To Top