ព័ត៌មានជាតិ

ផ្សិតកញ្ជោរ ចាប់ផ្តើមដុះនាដើមរដូវវស្សា ផ្តល់ចំណូលបន្ថែម ដល់ពលរដ្ឋ នៅស្រុកកែវសីមា

មណ្ឌលគិរី៖ ស្របពេលភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅដើមរដូវវស្សា ប្រជាពលរដ្ឋនៅតាមភូមិមួយចំនួនក្នុងស្រុកកែវសីមា បាននាំគ្នាចូលព្រៃ និងតំបន់ចម្ការ ដើម្បីប្រមូលផ្សិតកញ្ជោរ ដែលកំពុងដុះច្រើនតាមធម្មជាតិ សម្រាប់យកមកបរិភោគ និងលក់បង្កើនចំណូលប្រចាំគ្រួសារ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្សិតកញ្ជោរ ជាប្រភេទផ្សិតព្រៃដែលចាប់ផ្តើមដុះច្រើនក្រោយពេលមានភ្លៀងធ្លាក់ដំបូងៗ។ ជារៀងរាល់ឆ្នាំ នៅដើមរដូវវស្សា ពួកគាត់តែងតែនាំគ្នា ចេញទៅរកផ្សិតតាំងពីព្រឹកព្រលឹម ដោយអាចប្រមូលបាន ចាប់ពីពីរបីគីឡូក្រាម រហូតដល់ជាងដប់គីឡូក្រាមក្នុងមួយថ្ងៃ អាស្រ័យលើទីតាំង និងស្ថានភាពអាកាសធាតុ។

ផ្សិតកញ្ជោរដែលប្រមូលបាន ត្រូវបានយកទៅលក់នៅតាមទីផ្សារ តាមដងផ្លូវឬឈ្មួញវៀតណាម ប្រមូលទិញដោយមានតម្លៃ ប្រែប្រួលទៅតាមបរិមាណ និងគុណភាព។

អ្នកស្រី ស៊្រុន ណាវី អាជីវករតូប២៤ម៉ោង ប្រាប់ថានៅដើមរដូវដែលផ្សិតនៅមានចំនួនតិច តម្លៃអាចលក់បានខ្ពស់រហូតដល់6០០០០មុឺនរៀលឯណោះ តែបើសម្បូរ គឺធ្លាក់ថ្លៃលក់បានតែ15000រៀលប៉ុននោះ។

អ្នកលក់មួយចំនួនបានបញ្ជាក់ថា ផ្សិតកញ្ជោរ គឺជាអាហារធម្មជាតិដែលមានការពេញនិយមពីសំណាក់អ្នកបរិភោគ ដោយសារមានរសជាតិឆ្ងាញ់ និងអាចយកទៅចម្អិនម្ហូបបានច្រើនមុខ ដូចជា ស្លរ បបរ ចំហុយ ឆា ជាដើម។

ការប្រមូលផ្សិតកញ្ជោរនៅដើមរដូវវស្សា មិនត្រឹមតែជាប្រភពអាហារសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាមុខរបរបណ្ដោះអាសន្នមួយ ដែលជួយបង្កើនជីវភាពប្រជាពលរដ្ឋូ នៅតាមតំបន់ជនបទ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ផងដែរ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top