ព័ត៌មានជាតិ

រដ្ឋមន្ត្រីមុខងារសាធារណៈ ៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ ប្រឡងប្រជែង បានឱ្យដឹងថា វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង ពុំមានអ្នកណាដឹង​វិញ្ញាសាមុនឡើយ ។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមហើយ នៅថ្ងៃទី៣១ ឧសភា នេះ ដោយមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើនរូប ។

ក្នុងឱកាសនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា “ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី ត្រូវធានាថាទាំងអស់គ្នាមានភាពស្មើគ្នា ទៅលើការប្រកួតប្រជែង ដោយពុំមាននណាម្នាក់ បានដឹងវិញ្ញាសាមុននោះទេ។ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង។ ប្រសិនជាមានគ្រូ តាក់តែងវិញ្ញាសាណាម្នាក់ ធ្វើឱ្យបាត់បង់នូវអនាមិកភាពរបស់គាត់ ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង សម្រេចកែសម្រួលសមាសភាពតែម្តង ។ ទាំងអស់នេះ គឺធានាតែមួយគត់ ដើម្បីឱ្យប្អូនៗបេក្ខជន ប្រឹងប្រែងដោយស្មើគ្នា និងអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន” ។

សូមជម្រាបថា វិញ្ញាសាជំនាញបច្ចេកទេស ដែលបេក្ខជនទាំង ១,២៤៨នាក់ ប្រឡងប្រជែងនាពេលនេះ ត្រូវប្រើប្រាស់ថេរៈវេលា ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី៕

To Top