ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីចេញមុខ ថ្កោលទោសផែនការ អ៊ីស្រាអែល ក្នុងការបង្កើនការ គ្រប់គ្រងក្នុងតំបន់ហ្គាហ្សា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសម៉ាឡេស៊ីបានថ្កោលទោសផែនការ របស់អ៊ីស្រាអែល ដែលមានគោលបំណងបង្កើន ការគ្រប់គ្រងយោធារបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប។

ម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើនេះគឺខុសច្បាប់ នយោបាយមិនអាចទទួលយកបាន និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ក៏ដូចជាដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត អង្គការសហប្រជាជាតិជាច្រើនផងដែរ។

ម៉ាឡេស៊ី ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ច្រានចោលទាំងស្រុងនូវផែនការនេះ ដោយព្រមានថា ការប៉ុនប៉ងណា មួយដើម្បីផ្លាស់ប្តូរការពិតនៃទឹកដី Gaza នឹងធ្វើឱ្យប៉ះពាល់ដល់ការរំពឹង ទុកសម្រាប់សន្តិភាព និងយុត្តិធម៌បន្ថែមទៀត។

រដ្ឋាភិបាលម៉ាឡេស៊ីបានបន្ថែមថាការផ្លាស់ប្តូរនេះ ត្រូវបានគណនា ដើម្បីដកចេញនូវប្រជាជនប៉ាឡេស្ទីនពីសិទ្ធិស្របច្បាប់ និងមិនអាចកាត់ផ្តាច់ របស់ពួកគេ រួមទាំងសិទ្ធិរបស់ពួកគេក្នុងការទទួលបានរដ្ឋឯករាជ្យ និងអធិបតេយ្យភាព នៅលើទឹកដីរបស់ពួកគេផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានចេញ សេចក្តីណែនាំ មួយដើម្បីបង្កើនការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលលើតំបន់ Gaza Strip ពី៦០ ភាគរយទៅ ៧០ ភាគរយនៃទឹកដី ដោយទាញការរិះគន់ពីភាគីផ្សេងៗ រួមទាំងអង្គការសហប្រជាជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top