ព័ត៌មានជាតិ

៥៦ឆ្នាំមកនេះ អង្គការទស្សនៈពិភពលោក ជួយពលរដ្ឋកម្ពុជា រាប់លាននាក់

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អស់រយៈពេល៥៦ឆ្នាំកន្លងមកនេះ អង្គការទស្សនៈពិភពលោក បានជួយប្រជាជន និង កុមារកម្ពុជារាប់លាននាក់ តាមរយៈអន្តរាគមន៍ ផ្ទាល់នៅតាមតំបន់ដាច់ស្រយាល លើវិស័យសំខាន់មួយចំនួន ។

ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៥៦ឆ្នាំ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះអង្គការទស្សនៈពិភពលោក ដែលបានផ្ដល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជាក្នុងរយៈពេល ៥៦ឆ្នាំ កន្លងមកនេះ ដោយបានជួយដល់ប្រជាជននិងកុមារកម្ពុជា រាប់លាននាក់ តាមរយៈអន្តរាគមន៍ផ្ទាល់នៅតាមតំបន់ដាច់ស្រយាល លើវិស័យអប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ និងវិស័យផ្សេងៗទៀត ។

លោកថ្លែងទៀតថា កិច្ចសហប្រតិបត្តិការ និងលទ្ធផលសម្រេចបានរវាងក្រសួងអប់រំ និងអង្គការទស្សនៈពិភពលោកនាពេលកន្លងមកនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការវិវឌ្ឍរបស់កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ ។ លោកសង្ឃឹមជឿជាក់ថា នាពេលអនាគត កម្ពុជានឹងប្រែក្លាយពីប្រទេសដែលទទួលការគាំទ្រ ទៅជាប្រទេសដែលមានសមត្ថភាពពេញលេញក្នុងការផ្ដល់ការគាំទ្រ និងចូលរួមចំណែកជួយដល់សហគមន៍អន្តរជាតិវិញ។

សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បាននិងកំពុងបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយអប់រំ និងអនុវត្តកម្មវិធីយុទ្ធសាស្ត្រយ៉ាងសកម្ម ស្របតាមគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសកម្មវិធីអប់រំ៕

To Top