ព័ត៌មានជាតិ

អនុប្រធានអង្គការ CHAI បន្តគាំទ្រ ដល់ការអភិវឌ្ឍ វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ លោក Zachary Katz អនុប្រធានអង្គការ Clinton Health Access Initiative (CHAI) បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ប្រកបដោយចីរភាព ។

ក្នុងឱកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Zachary Katz អនុប្រធានអង្គការ បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាលដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ CHAI ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ។ អនុប្រធានអង្គការ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។

គណៈប្រតិភូ CHAI បានលើកឡើងអំពីសកម្មភាព និងលទ្ធផលសំខាន់ៗ នៃកិច្ចសហការជាមួយ ក្រសួងសុខាភិបាល រួមមាន ៖ ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការរួមបញ្ចូលសេវាជំងឺមិនឆ្លង ការគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាតិ និងការពង្រីកការចាក់វ៉ាក់សាំង HPV ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល ការពង្រឹងយន្តការហិរញ្ញប្បទានសុខាភិបាល និងនិរន្តរភាពកម្មវិធីសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធ ផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសំខាន់ៗ ព្រមទាំងការគាំទ្រដល់ការរៀបចំ និងអនុវត្តកម្មវិធីមូលនិធិ សកលជុំទី៨ (Global Fund Grant Cycle 8-GC8)។

ជាការឆ្លើយតប សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ CHAI ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាទីទុកចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

សាស្ត្រាចារ្យរដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងបន្តជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4) ដោយផ្តោតលើការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការពង្រឹងធនធានមនុស្សសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល ការធានាហិរញ្ញប្បទានប្រកបដោយចីរភាព និងការឈានទៅសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC)។

សាស្ត្រាចារ្យរដ្ឋមន្ត្រីស្វាគមន៍ ចំពោះការបន្តគាំទ្ររបស់អង្គការ CHAI ជាពិសេសលើវិស័យអាទិភាព ដូចជា ៖ សុខភាពមាតា ទារក និងកុមារ កម្មវិធីចាក់វ៉ាក់សាំង ការគ្រប់គ្រងជំងឺមិនឆ្លង ការអភិវឌ្ឍប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការពង្រឹងនិរន្តរភាពហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពរបស់ក្រសួងសុខាភិបាល និងបរិបទនៃការប្រែប្រួលជំនួយអភិវឌ្ឍន៍សកល ៕

To Top