ព័ត៌មានជាតិ

សម្តេចធិបតី​៖ កម្ពុជា មិនដែលរំលោភបំពាន អធិបតេយ្យភាព របស់ប្រទេសដទៃឡើយ ខណៈប្តេជ្ញាយ៉ាងដាច់ខាត ការពារអធិបតេយ្យភាពរបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា មិនដែលរំលោភបំពាន អធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ខណៈប្តេជ្ញាយ៉ាងដាច់ខាត​ ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ។

ក្នុងសេចក្តីថ្លែងការណ៍ ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែន សមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​​ ដំណោះស្រាយដោយសន្តិវិធី ជាផលប្រយោជន៍រួម ដល់ប្រទេសទាំងពីរ (កម្ពុជា-ថៃ) នឹងរួមចំណែកដល់សន្តិភាព និងស្ថេរភាពតំបន់ ។ ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រនូវការអភិវឌ្ឍ និងបង្កើtឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរ ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កម្ពុជា មិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ជាមួយគ្នានេះ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ។

សម្តេចធិបតី អះអាងថា នាពេលនេះ កម្ពុជា បន្តប្រកាន់គោលជំហរ ទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការ ប្រើប្រាស់កម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី ។

ក្នុងនោះសម្តេចធិបតី បានអំពាវនាវ ដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពជាថ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ ។ ការការពារអធិបតេយ្យភាព គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕

To Top