ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ សេវាសុខាភិបាល អភិវឌ្ឍន៍ទៅមុខ ដោយសារអង្គភាពសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សេវាសុខាភិបាល បានអភិវឌ្ឍន៍ ទៅមុខ ដោយសារអង្គភាពសុខាភិបាល តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំ ទៅនឹងការអនុវត្តជាក់ស្តែង។

ការលើកឡើងបែបនេះ របស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនោះ សាស្ត្រាចារ្យ ឈាង រ៉ា បានពាំនាំយកនូវការកោតសរសើរនិងមតិផ្តាំផ្ញើពីថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានរួបរួមគ្នាធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល។ ជាការឆ្លើយតបទៅនឹងការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំរដ្ឋាភិបាល មន្រ្តីសុខាភិបាលបានប្តេជ្ញាចិត្តរក្សា ឱ្យបាននូវកិត្តយសនេះដោយពង្រឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ និងភាពមានវិជ្ជាជីវៈ ក្នុងចក្ខុវិស័យលើកតម្កើងភាពថ្លៃថ្នូររបស់វិជ្ជាជីវៈសុខាភិបាល។

ក្នុងវគ្គនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើក យក ២ចំណុច ទាក់ទងនឹងកម្រិតអន្តរាគមន៍សម្រាប់រៀប ចំការងារដែលមានទាំងទិដ្ឋភាពខាងក្រៅដូចជា ការសំដៅដល់ការរៀបចំផ្តល់សេវាដែលមានគុណភាព និង មានលក្ខណៈងាយស្រួលសម្រាប់អ្នកមកទទួលសេវាគ្រប់គ្នា។ សម្រាប់ទិដ្ឋភាពខាងក្នុង ដែលជាការងាររបស់អង្គភាពសុខាភិបាលដើម្បីចាត់ចែងការងារឱ្យកាន់តែបានរហ័ស និងមានសាកសិទ្ធភាព មានគណនេយ្យភាព និងមាននិយាមបច្ចេកទេសច្បាស់លាស់។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែក ខេត្តឧត្តមានជ័យ បានធ្វើបទបង្ហាញពីចក្ខុវិស័យក្នុង ការឈានឆ្ពោះការទទួលបានការទទួលស្គាល់គុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្ត។ បទបង្ហាញបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ ភាពជាអ្នកដឹកនាំ ក្នុងមន្ទីរពេទ្យតាមរយៈការកំណត់ចក្ខុវិស័យ គោលដៅ បេសកកម្ម គុណតម្លៃសម្រាប់មន្ទីរពេទ្យ បុគ្គលិក និងការរៀប ចំគម្រោងផ្សេងៗ ដើម្បីមន្ទីរពេទ្យឆ្ពោះទៅរកការ ទទួលស្គាល់គុណភាពសេវានាពេលខាងមុខ៕

To Top