ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយ ដោយផ្អែកលើផ្លូវច្បាប់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយដោយផ្អែកលើផ្លូវច្បាប់ជាមូលដ្ឋាន ប្រសើជាងបញ្ជូនទាហាន ទៅច្បាំងគ្នាស្លាប់ ហើយដោះស្រាយមិនចេញឡើយ។

ក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាការពារជាតិ និងទឹកដី មិនមែនប្រើប្រាស់តែកម្លាំងប្រដាប់អាវុធនោះទេ គឺប្រើប្រាស់មធ្យោបាយសរុប។

សម្ដេច មានប្រសាសន៍ថា «ម្សិលមិញនេះយើងបាន ចាប់ផ្ដើមនូវការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិ UN CLOS ហើយ ដើម្បីដោះស្រាយការពារអធិតេបយ្យភាព និងសិទ្ធិដែនរបស់កម្ពុជា នៅលើដែនដីសមុទ្រដោយប្រើប្រាស់ UN CLOS ការផ្សះផ្សាដោយបង្ខំនេះឯង។ ប៉ុន្ដែប្រសើជាងបញ្ជូនទាហាន ទៅច្បាំងគ្នាស្លាប់ ហើយដោះស្រាយមិនចេញ»។

សម្ដេច បន្ដថា ដរាបណា នៅមានការដោះស្រាយបញ្ហាជាតិ និងទឹកដី ដោយសន្ដិវិធី ហើយជឿចុះគ្មានការដោះស្រាយដោយប្រើកម្លាំងណាមួយ ស្ថិតស្ថេរទេ ទាល់តែប្រើតាមច្បាប់បានត្រឹមត្រូវ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ៕

To Top